ព័ត៌មានអន្តរជាតិ

សារព័ត៌មាន ៖ សហរដ្ឋអាមេរិក ហាមមិនឱ្យរថយន្ត BYD ចូលក្នុងមូលដ្ឋានទ័ពអាកាសមួយ នៅប្រទេសជប៉ុន ដោយសារក្តីបារម្ភផ្នែកសន្តិសុខពី កាមេរ៉ា និង sensors របស់រថយន្ត

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃសុក្រនេះថា កងកម្លាំងប្រដាប់អាវុធ សហរដ្ឋអាមេរិក បានហាមឃាត់រថយន្តអគ្គិសនី (EV) របស់ក្រុមហ៊ុនផលិតរថយន្តចិន BYD មិនឱ្យចូលក្នុងមូលដ្ឋានទ័ពអាកាសមួយនៅប្រទេសជប៉ុន ដោយសារក្តីបារម្ភផ្នែកសន្តិសុខ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ក្រុមហ៊ុននេះ ចូលក្នុងបញ្ជីសហគ្រាសដែលខ្លួនជឿថា កំពុងជួយដល់យោធាចិន។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ថា ទីភ្នាក់ងារព័ត៌មាន Yonhap បានដកស្រង់សម្តីមន្ត្រីយោធាអាមេរិក ដែលប្រចាំការនៅប្រទេសជប៉ុន ដោយបញ្ជាក់ថា ក្តីបារម្ភនេះកើតចេញពីការប្រើប្រាស់កាមេរ៉ា និងឧបករណ៍ចាប់សញ្ញា (sensors) ដែលបំពាក់នៅលើរថយន្តទាំងនោះ ។ ភាគីអាមេរិកជឿថា ឧបករណ៍ទាំងនេះអាចប្រមូល និងលេចធ្លាយព័ត៌មានរសើបពាក់ព័ន្ធនឹង សន្តិសុខចេញពីមូលដ្ឋានទ័ពនោះ។

គេមិនទាន់អាចទាក់ទងមន្ត្រីយោធាអាមេរិកនៅប្រទេសជប៉ុន ដើម្បីសុំការបញ្ជាក់បន្ថែមបាននៅឡើយទេ ចំណែកក្រុមហ៊ុន BYD ក៏មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ។

Yonhap បានរាយការណ៍ថា មូលដ្ឋានទ័ពអាកាស Kadena ក្នុងខេត្ត Okinawa នឹងរារាំងមិនឱ្យរថយន្ត BYD ចូលចាប់ពីថ្ងៃចន្ទនេះតទៅ។ ការហាមឃាត់នេះនឹងអនុវត្តចំពោះរថយន្តគ្រប់ប្រភេទទាំងអស់ ដោយមិនមានករណីលើកលែងឡើយ រួមទាំងរថយន្តដែលប្រើប្រាស់ដោយបុគ្គលិកក្នុងមូលដ្ឋាន អ្នកម៉ៅការ ក្រុមហ៊ុនពាណិជ្ជកម្ម និងរថយន្តតាក់ស៊ី។

កាលពីខែមិថុនា សហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុន BYD រួមជាមួយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Alibaba, ក្រុមហ៊ុនអ៊ីនធឺណិត Baidu និងក្រុមហ៊ុនផលិតរថយន្ត NIO ចូលទៅក្នុងបញ្ជីក្រុមហ៊ុនដែលខ្លួនជឿថា កំពុងជួយដល់យោធាចិន។

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Alibaba បានដាក់ពាក្យប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ចំណែកក្រសួងការបរទេសចិនវិញ បានសម្តែងការជំទាស់ ដោយចាត់ទុកថាបញ្ជីនេះមានលក្ខណៈរើសអើង និងមិនសមហេតុផល។

To Top