ព័ត៌មានអន្តរជាតិ

ហេតុអ្វីសន្និបាត ពេញអង្គលើកទី ៥ របស់ចិន លើកយក “វិន័យផ្ទៃក្នុងបក្ស” ធ្វើជារបៀបវារៈស្នូល ជំនួសផែនការសេដ្ឋកិច្ច?

ប៉េកាំង ៖ ថ្នាក់ដឹកនាំកំពូលៗនៃគណបក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាច នឹងបើកកិច្ចប្រជុំនយោបាយដ៏មានសារៈសំខាន់មួយនៅថ្ងៃចន្ទ ទី ២៦ តុលា នេះ ដែលជាសញ្ញាបង្ហាញឱ្យឃើញពីអាទិភាពចម្បងរបស់ទីក្រុងប៉េកាំង មុនពេលសមាជជាតិបក្សឈានចូលមកដល់នៅរដូវស្លឹកឈើជ្រុះឆ្នាំក្រោយ ដោយក្នុងនោះបញ្ហា «វិន័យបក្ស» ត្រូវបានចាត់ទុកជារបៀបវារៈស្នូល នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៦ ។
​កិច្ចប្រជុំសន្និបាតពេញអង្គលើកទី ៥ (Fifth Plenum) នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋចិន ជំនួសឱ្យការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចដូចទម្លាប់មុនៗ កិច្ចប្រជុំលើកនេះនឹងផ្តោត សំខាន់លើការពង្រឹងអភិបាលកិច្ច និងវិន័យផ្ទៃក្នុងរបស់បក្សវិញ។

​ការជួបជុំគ្នានេះ ធ្វើឡើងស្របពេល ដែលលោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) កំពុងបន្តជំរុញយុទ្ធនាការប្រឆាំងអំពើពុករលួយ ដ៏យូរអង្វែងរបស់លោក ចំពេលមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងជាបន្តបន្ទាប់លើភាពមិនប្រក្រតី និងការប្រព្រឹត្តខុសឆ្គងនៅក្នុងជួរគណបក្ស។ ព្រឹត្តិការណ៍នេះក៏បានទាក់ទាញការ ចាប់អារម្មណ៍យ៉ាងខ្លាំងលើវិធីសាស្ត្រ ដែលរដ្ឋាភិបាលក្រុងប៉េកាំងមានបំណង រឹតបន្តឹងការត្រួតពិនិត្យលើបរិធាននយោបាយដ៏ធំធេងរបស់ខ្លួន មុនពេលឈានដល់ការរុះរើ និងផ្លាស់ប្តូរជួរថ្នាក់ដឹកនាំដ៏សំខាន់នៅឆ្នាំ ២០២៧។

​សន្និបាតពេញអង្គ គឺជាកិច្ចប្រជុំបិទទ្វាររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលរៀបចំឡើងនៅចន្លោះសមាជជាតិបក្ស ដើម្បីពិភាក្សា និងអនុម័តគោលនយោបាយសំខាន់ៗ។ លោក Chong Ja Ian សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានពន្យល់ថា ជាទូទៅគណបក្សកុម្មុយនីស្តចិនតែងតែរៀបចំសន្និបាតពេញអង្គចំនួន ៧ ដង ក្នុងវដ្តនៃការដឹកនាំរយៈពេល ៥ ឆ្នាំម្តង ដោយកិច្ចប្រជុំនីមួយៗបម្រើឱ្យគោលបំណងផ្សេងៗគ្នា។
​លោកបានបន្ថែមថា៖ «ជាធម្មតា សន្និបាតពេញអង្គលើកទី ៥ តែងតែកំណត់នូវអាទិភាពសម្រាប់ផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំបន្ទាប់»។

​ក៏ប៉ុន្តែ នៅពេលនេះ លំដាប់លំដោយបែបប្រពៃណីត្រូវបានផ្លាស់ប្តូរ។ កិច្ចប្រជុំសន្និបាតពេញអង្គលើកទី ៤ កាលពីខែតុលា ឆ្នាំ ២០២៥ បានអនុម័តរួចរាល់ហើយនូវអនុសាសន៍សម្រាប់ «ផែនការអភិវឌ្ឍន៍ ៥ ឆ្នាំលើកទី ១៥ (២០២៦-២០៣០)» របស់ចិន ដែលជាកិច្ចការធ្លាប់តែបម្រុងទុកសម្រាប់សន្និបាតលើកទី ៥ នេះ។ ដូច្នេះ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា កិច្ចប្រជុំលើកទី ៥ ខាងមុខនេះ នឹងបង្វែរមកផ្តោតលើអភិបាលកិច្ច និងការគ្រប់គ្រងបក្សវិញទាំងស្រុង។

​កាលពីថ្ងៃទី ២១ ខែកញ្ញាកន្លងទៅ ការិយាល័យនយោបាយ (Politburo) ដែលជាស្ថាប័ននយោបាយកំពូលរបស់បក្ស បានបញ្ជាក់ថាសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការពង្រឹង «អភិបាលកិច្ចស្វ័យត្រួតពិនិត្យផ្ទៃក្នុងបក្ស» នឹងត្រូវដាក់ជូនសន្និបាតពេញអង្គលើកទី ៥ ដើម្បីពិភាក្សា និងអនុម័ត។

​លោក Hou Yichao អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនយោបាយរបស់ចិន បានគូសបញ្ជាក់ថា សន្និបាតពេញអង្គដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយទិសដៅនយោបាយទូលំទូលាយរបស់បក្ស ឱ្យទៅជាគោលនយោបាយជាក់ស្តែង។
​លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើសមាជជាតិបក្ស (ឆ្នាំ ២០២៧) គឺជាវេទិកាកំណត់យុទ្ធសាស្ត្រ និងបន្តអាណត្តិថ្នាក់ដឹកនាំ នោះសន្និបាតពេញអង្គដែលធ្វើឡើងនៅចន្លោះពេល គឺជាកន្លែងដែលគោលនយោបាយជាក់លាក់ត្រូវបានបង្កើតឡើងក្នុងវដ្ត ៥ ឆ្នាំ»។

​របៀបវារៈចម្បងនៃសន្និបាតពេញអង្គលើកទី ៥ គឺការពង្រឹងអ្វីដែលទីក្រុងប៉េកាំងហៅថា «អភិបាលកិច្ចស្វ័យត្រួតពិនិត្យបក្សដោយពេញលេញ និងតឹងរ៉ឹង» ដែលជាទស្សនទានដ៏ទូលំទូលាយមួយ ដែលមិនត្រឹមតែគ្របដណ្តប់លើការប្រយុទ្ធប្រឆាំងអំពើពុករលួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលាតសន្ធឹងដល់របៀបដែលមន្ត្រីត្រូវបានត្រួតពិនិត្យ ការវាយតម្លៃសមត្ថភាព និងការទទួលខុសត្រូវទៀតផង។

​លោក Hou បានពិពណ៌នាចំណុចនេះថាជា «ការរៀបចំគ្រោងយន្តការស្នូលលើដំណើរការនៃអំណាច» ដោយកត់សម្គាល់ថាលោក ស៊ី ជីនពីង បានគូសបញ្ជាក់នូវប្រព័ន្ធចំនួន ៥ ដែលជាគ្រឹះនៃអភិបាលកិច្ចបក្សដ៏តឹងរ៉ឹង រួមមាន៖ ការរៀបចំចាត់តាំង ការអប់រំ ការត្រួតពិនិត្យ ស្ថាប័ន និងគណនេយ្យភាព។
​លោក Hou បានបន្ថែមថា៖ «រួមបញ្ចូលគ្នា ចំណុចទាំងនេះបង្ហាញថាតើបទបញ្ជាពីមជ្ឈិមត្រូវបានអនុវត្តជាក់ស្តែងកម្រិតណា តើការអប់រំនយោបាយមានប្រសិទ្ធភាពឬទេ និងរបៀបដែលការត្រួតពិនិត្យព្រមទាំងការងារប្រឆាំងអំពើពុករលួយត្រូវបានអនុវត្ត»។ លើសពីនេះ វាក៏គ្របដណ្តប់លើប្រសិទ្ធភាពនៃវិធានផ្ទៃក្នុងបក្ស និងការអនុវត្តតម្រូវការកសាងបក្សទូទាំងរចនាសម្ព័ន្ធផងដែរ។
​យុទ្ធនាការប្រឆាំងអំពើពុករលួយនៅតែជាការប្រឈមធ្ងន់ធ្ងរ
​ការដាក់ចេញនូវការសង្កត់ធ្ងន់លើវិន័យបក្សនេះ ធ្វើឡើងទោះបីជាយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ទូលំទូលាយរបស់លោក ស៊ី ជីនពីង ត្រូវបានអនុវត្តអស់រយៈពេលជាងមួយទសវត្សរ៍មកហើយក្តី ដែលក្នុងនោះបានស៊ើបអង្កេត និងដាក់ទណ្ឌកម្មលើមន្ត្រីជាច្រើននៅទូទាំងជួរគណបក្ស រដ្ឋាភិបាល និងកងទ័ព។
​ទីក្រុងប៉េកាំងនៅតែប្រកាន់ជំហរថា អំពើពុករលួយនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ។ កាលពីខែមករាកន្លងទៅ លោក ស៊ី ជីនពីង បានចេញការព្រមានថាសភាពការណ៍ប្រយុទ្ធប្រឆាំងអំពើពុករលួយនៅតែ «ធ្ងន់ធ្ងរ និងស្មុគស្មាញ» ដោយលោកបានអំពាវនាវឱ្យមានការតស៊ូប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយមិនរុញរាឡើយ៕

ប្រែសម្រួល៖ គីរី

To Top