Feature

លោក វង្ស ពិសេន ផ្តល់បណ្ណសរសើរដល់AOT មកពីវៀតណាម

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេនអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជូនបណ្ណសរសើរដល់សមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកពីប្រទេសវៀតណាម ដែលបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា។

ការផ្តល់បណ្ណសរសើររបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដល់លោកវរសេនីយ៍ឯក ភួង ថាញ់ក្វាង និងលោកវរសេនីយ៍ឯក លី ថាញ់តឹម សមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកពីប្រទេសវៀតណាមនេះនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានគាំទ្រការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបានបញ្ជូននាយទាហានមកចូលរួមបេសកកម្មសង្កេតការណ៍នៅកម្ពុជា ដែលបង្ហាញពីស្មារតីសាមគ្គីភាព ឯកភាព និងការប្តេជ្ញាចិត្តរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោកក៏បានកោតសរសើរចំពោះការលះបង់ ពេលវេលា ការឃ្លាតឆ្ងាយពីគ្រួសារ និងការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានទាំងពីររូប ក្នុងការតាមដាន និងកត់ត្រាស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញ។
អគ្គមេបញ្ជាការបានអះអាងថា កម្ពុជានៅតែបន្តរក្សាជំហរ និងប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើកម្លាំងនោះឡើយ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន មានជំនឿថា វៀតណាមនឹងបន្តគាំទ្របេសកកម្ម AOT ក្នុងការត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ និងរួមចំណែកស្តារសន្តិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ៕

To Top