ភ្នំពេញ៖ ដោយសារតែមាន ការប៉ះពាល់ មកលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា ក្នុង អំឡុងពេលជំងឺកូវីដ នារសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួង ការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យមើលផលប៉ះពាល់ និងរកដំណោះស្រាយលើបញ្ហាអស់ទាំងនេះ ។
លោក អ៉ិត សំហេង មានប្រសាសន៍ថា ក្នុងបរិបទនៃរីក រាលដាលការឆ្លងជាសកល នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការបង្ការ ទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំងកូវិដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងនោះក្រសួងបានចេញ សេចក្តីណែនាំបន្ថែមជាបន្តបន្ទាប់ ថែមទាំងបានចាត់ ក្រុមការងារឲ្យចុះធ្វើសកម្មភាពផ្សព្វផ្សាយ ពីវីធីបង្ការទប់ស្កាត់ នៅតាមបណ្តារោងចក្រ សហគ្រាស និងនៅតាមមជ្ឈមណ្ឌលចត្តាឡេស័កផងដែរ។
លោកថា ការលេចឡើងនូវជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ បានបង្កជាបញ្ហាប្រឈមដ៏ធំមួយទៀត បន្ថែម លើបញ្ហាដែលមានស្រាប់ ជាពិសេសគឺសង្គ្រាមពាណិជ្ជកម្ម និងការថមថយកំណើនសេដ្ឋកិច្ច សម្រាប់សកលលោកក៏ដូចជាកម្ពុជា។ ដើម្បីកាត់បន្ថយផល ប៉ះពាល់ រក្សាលំនឹងអាជីវកម្ម និង លំនឹងជីវភាពជូន កម្មករនិយោជិតទាំងអស់ រាជរដ្ឋាភិបាលបានដាក់ចេញ វិធានការអន្តរាគមន៍បន្ទាន់ជាបន្តបន្ទាប់ ដល់វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ គឺវិស័យអាជីវកម្ម ទេសចរណ៍ និងវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប។
លើសពីនេះរាជរដ្ឋាភិបាល ក៏បានត្រៀមដាក់ចេញ នូវវិធានការថ្មីៗ បន្ថែមទៀត ក្នុងករណីដែលស្ថានភាព សេដ្ឋកិច្ចរងផលប៉ះពាល់ កាន់តែធ្ងន់ធ្ងរ។
រដ្ឋមន្ត្រី បញ្ជាក់ដែរថា សម្រាប់ថ្ងៃនេះក្រសួងការងារ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី ៨) ជូនកម្មករនិយោជិតចំនួន ៧,០២៨ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៤៤ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារនេះ៕