បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា លោកទន្ទឹមរង់ចាំចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិមួយ ជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ជាមេដឹកនាំបរទេសដំបូង ដែលធ្វើទស្សនកិច្ចសេតវិមាន ចាប់តាំងពីមានការរាតត្បាតឆ្លងមេរោគកូរ៉ូណា បណ្ដាលឲ្យបិទការធ្វើដំណើរក្នុងពិភពលោក។
នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ លោក ត្រាំ បានមានប្រសាសន៍យ៉ាងដូច្នេះថា “កាលពីឆ្នាំមិញនេះ យើងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមគ្នាចំនួនពីរ ដើម្បីឲ្យបង្កើនសហប្រតិបត្តិការសន្តិសុខរបស់ពួកយើង ហើយយើងទន្ទឹងរង់ចាំចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ”។
យោងតាមសេចក្តីរាយការណ៍មួយ ពីទីភុ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Andrzej Duda បានសម្តែងការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងថ្មីថា មានសារៈសំខាន់ជាខ្លាំងចំពោះសន្តិសុខអឺរ៉ុប និងជាពិសេចំពោះសន្តិសុខប្រទេសប៉ូឡូញ ហើយមានភាពអាចទៅរួចដែលនឹងមានកងទ័ពអាមេរិកកាន់តែច្រើនជាងការព្រមព្រៀងគ្នាពីមុន នឹងត្រូវបញ្ជូនទៅប្រទេសប៉ូឡូញ៕ ប្រែសម្រួល៖ប៉ាង កុង