ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងពិនិត្យករណីប្រើពាក្យសម្តីមិនសមរម្យនៅរោងចក្រមួយដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គមហ្វេសប៊ុក។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ «ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី មន្ត្រីជំនាញ បានផ្តើមការងារនេះហើយ។ ទន្ទឹមនឹងនេះ ខ្ញុំសូមបញ្ជាក់ថា ការប្រើពាក្យសម្តីអសុរោះ ឬអាកប្បកិរិយាប្រមាថមើលងាយនៅកន្លែងធ្វើការ គឺជាទង្វើដែលមិនអាចទទួលយកបានឡើយ។ មិនថាជានិយោជក អ្នកគ្រប់គ្រង ប្រធានផ្នែក ឬបុគ្គលិក និងមិនថាជាជនជាតិខ្មែរ ឬជនបរទេសទេ គ្រប់រូបត្រូវប្រើពាក្យសម្តីសមរម្យ និងគោរពសេចក្តីថ្លៃថ្នូររបស់គ្នាទៅវិញទៅមក»។
ក្រសួងអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលជួបប្រទះការប្រើពាក្យសម្តី ឬអាកប្បកិរិយាមិនសមរម្យនៅកន្លែងធ្វើការ សូមកុំស្ទាក់ស្ទើរក្នុងការរាយការណ៍ ឬដាក់ពាក្យបណ្តឹងមកក្រសួង តាមរយៈទូរសព្ទទាន់ហេតុការណ៍លេខ ១២៨៦ ឬទាក់ទងផ្ទាល់មកអ្នកនាំពាក្យក្រសួង ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យ និងអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលា៕

