សហភាពអឺរ៉ុប ព្រមានអំពីវិបត្តិថ្មី ខណៈតម្លៃឧស្ម័ននៅអឺរ៉ុប កើនឡើងលើសពី ១០០ អឺរ៉ូ ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០២២
ព្រុចសែល៖ តម្លៃកិច្ចសន្យាឧស្ម័នធម្មជាតិដែលជាស្តង់ដារសម្រាប់តំបន់អឺរ៉ុប បានកើនឡើងលើសពី ១០០ អឺរ៉ូក្នុងមួយមេហ្គាវ៉ាត់ម៉ោង ។ កម្រិតតម្លៃនេះ ត្រូវបានគេឃើញចុងក្រោយកាលពីខែធ្នូ ឆ្នាំ ២០២២ ក្នុងអំឡុងពេលដ៏ធ្ងន់ធ្ងរបំផុត នៃវិបត្តិថាមពល ដែលបានកើតឡើងបន្ទាប់ពីការឈ្លាន ពានទ្រង់ទ្រាយធំរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
ព្រឹត្តិការណ៍ដ៏សំខាន់នេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក Dan Jørgensen មន្ត្រីទទួលបន្ទុកផ្នែកថាមពល របស់សហភាពអឺរ៉ុប បានលើកឡើងថា សហភាពអឺរ៉ុបកំពុងប្រឈមមុខ នឹងវិបត្តិថាមពលថ្មីមួយ និងរដូវរងាដ៏លំបាក។
កិច្ចសន្យា Dutch TTF សម្រាប់ខែខាងមុខ ដែលជាតម្លៃគោល សម្រាប់កំណត់តម្លៃឧស្ម័ននៅអឺរ៉ុប បានជួញដូរក្នុងតម្លៃ ១០០,៣៧ អឺរ៉ូក្នុងមួយមេហ្គាវ៉ាត់ម៉ោង (MWh) នៅវេលាម៉ោង ៤រសៀល ម៉ោងនៅអឺរ៉ុបកណ្តាល ដែលកើនឡើងជាង ៤% ក្នុងថ្ងៃនោះ។
តម្លៃនេះធ្លាប់ស្ថិតនៅត្រឹមប្រហែល ៣២ អឺរ៉ូ មុនពេលសង្គ្រាមនៅអ៊ុយក្រែន បានចាប់ផ្តើមនៅចុងខែកុម្ភៈ ប៉ុន្តែវានៅតែទាបជាងកម្រិតខ្ពស់បំផុតដែលធ្លាប់មានកំណត់គឺប្រហែល ៣៤០ អឺរ៉ូ កាលពីខែសីហា ឆ្នាំ ២០២២។
លោក Jørgensen បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងព្រុចសែល កាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីបានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនចម្រាញ់ប្រេងនៅអឺរ៉ុបថា «ម្តងទៀតហើយ ដោយសារតែភាពវឹកវរផ្នែកភូមិសាស្ត្រនយោបាយ អឺរ៉ុបកំពុងប្រឈមមុខនឹងវិបត្តិថាមពលមួយផ្សេងទៀត»៕
ប្រែសម្រួល ឈូក បូរ៉ា
