ព័ត៌មានជាតិ

៥ខែ សមត្ថកិច្ច បង្ក្រាបបទល្មើស គ្រឿងញៀន ជាង៤ពាន់ករណី និងរឹបអូសយកគ្រឿងញៀន ជាង២០០គីឡូក្រាម

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ សមត្ថកិច្ច បង្ក្រាបគ្រឿងញៀន បាន៤.៥១០ករណី ឃាត់ខ្លួនជនសង្ស័យ ៨.៩២៧នាក់ រឹបអូសគ្រឿងញៀន បានជាង២០៩គីឡូក្រាម។

ក្នុងឱកាសអបអរសាទ ទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោក មាស វីរិទ្ធ បានថ្លែងបញ្ជាក់ថា «ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ លើកទី៥ (ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) របស់រាជរដ្ឋាភិបាល ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្មនូវវិធានការគន្លឹះទាំង៥ ដែលរួមាន ៖ វិធានការអនុវត្តច្បាប់ យើងបង្ក្រាបបាន៤.៥១០ករណី ឃាត់ខ្លួនជនសង្ស័យ ៨.៩២៧នាក់ រឹបអូសគ្រឿងញៀន បានជាង២០៩គីឡូក្រាម»។

លោកបន្ដថា ទាំងនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់គ្នា ដែលនាំឲ្យសម្រេចបាននូវលទ្ធផលល្អប្រសើរ និងឈានទៅគ្រប់គ្រងស្ថានភាពគ្រឿងញៀន បានតាមរយៈការរៀបចំចាត់ចែងយន្ដការដឹកនាំយ៉ាងហ្មត់ចត់ និងច្បាស់លាស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានដោយមានការគាំទ្រគ្រប់ជ្រុងជ្រោយទៅវិញទៅមក ពីតួ អង្គពាក់ព័ន្ធគ្រប់ផ្អែក គ្រប់វិស័យ មានលក្ខណៈ ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ៕ដោយ៖ អេង ប៊ូឆេង

To Top