សហភាពអឺរ៉ុប និងកាណាដា ពិភាក្សាអំពីកិច្ចព្រមព្រៀង ឧស្ម័នធម្មជាតិរាវ (LNG) ខណៈអឺរ៉ុបកំពុងប្រឈមនឹងវិបត្តិឧស្ម័ន។
ព្រុចសែល៖ សហភាពអឺរ៉ុប និងកាណាដា នឹងពិចារណាលើការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ក្នុងរយៈពេលវែងទៅកាន់ទ្វីបអឺរ៉ុប ខណៈដែលប្លុកនេះកំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងគំហុកនៃតម្លៃឧស្ម័ន និងកម្រិតស្តុកទុកទាបបំផុតមិនធ្លាប់មាន នេះបើយោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម សម្រាប់កិច្ចប្រជុំកំពូលរវាងសហភាពអឺរ៉ុប និងកាណាដា ដែលនឹងប្រារព្ធឡើងនៅទីក្រុងម៉ុងរ៉េអាល់ នាថ្ងៃទី ២៩-៣០ ខែតុលា ដែលសារព័ត៌មាន Euronews ចុះផ្សាយ។
ភាគីទាំងពីរគ្រោងនឹងធ្វើការសិក្សាអំពីលទ្ធភាពនៃការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ទៅកាន់ទ្វីបអឺរ៉ុប ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើបណ្តាញអគ្គិសនី ប្រព័ន្ធស្តុកថាមពលដោយថ្ម និងការការពារហេដ្ឋារចនាសម្ព័ន្ធថាមពល ទាំងផ្នែករូបវន្ត និងផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។
សេចក្តីព្រាងនេះបានចែងថា «ភាគីទាំងពីរនឹងវាយតម្លៃឱកាសសម្រាប់ការតភ្ជាប់ថាមពលរយៈពេលវែង ការវិនិយោគ និងកិច្ចព្រមព្រៀងទិញយកថាមពល ដែលនឹងរួមចំណែកដល់សន្តិសុខ ថាមពលរបស់អឺរ៉ុប និងការអភិវឌ្ឍសេដ្ឋកិច្ច របស់កាណាដា ព្រមទាំងជួយគាំទ្រដល់គោលដៅរួមទាក់ទងនឹងបញ្ហាអាកាសធាតុ»។
គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងព្រុចសែល ក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ថាមពល និងកាត់បន្ថយភាពងាយរងគ្រោះជាយុទ្ធសាស្ត្រ ក្នុងបរិបទដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកំពុងកើនឡើង៕
ប្រែសម្រួល ឈូក បូរ៉ា
