ព័ត៌មានអន្តរជាតិ

លោក ង្វៀន ស៊ុនហ្វុក៖ វៀតណាម នឹងមិនទាន់បើកព្រំដែន សម្រាប់ទេសចរអន្តរជាតិ នៅឡើយទេ

ហាណូយ៖ មេដឹកនាំរដ្ឋាភិបាល បាននិយាយថា វៀតណាម នឹងមិនបើកព្រំដែនរបស់ខ្លួន សម្រាប់ភ្ញៀវទេសចរអន្តរជាតិ នៅពេលឆាប់ៗនេះ នៅឡើយនោះទេ ដើម្បីចៀសវាងការកើតឡើង ជាថ្មីនៃវីរុសកូវីដ១៩។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ង្វៀន ស៊ុនហ្វុក បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការរក្សាការប្រុងប្រយ័ត្នខ្ពស់ នៅពេលលោកថ្លែងទៅកាន់គណៈរដ្ឋមន្រ្តី កាលពីល្ងាចថ្ងៃពុធ ស្តីពីវិធានការការពារ និងត្រួតពិនិត្យទៅលើមេរោគកូវីដ ១៩ ។

ជាមួយនឹងការបិទព្រំដែន យ៉ាងតឹងរឹងចាប់តាំងពីចុងខែមីនា វៀតណាមបានលុបបំបាត់ការផ្ទុះឡើងនូវមេរោគឆ្លង នៅតាមព្រំដែនរបស់ខ្លួន ខណៈដែលប្រទេសនេះ បានកន្លងផុតទៅ ៧០ ថ្ងៃ ដោយគ្មានការឆ្លងមេរោគសហគមន៍ថ្មីណាមួយឡើយ ដោយមានការកើនឡើងម្តងម្កាលក្នុងករណីនាំចូលថ្មីៗ តាមជើងហោះហើរ ដែលធ្វើមាតុភូមិនិវត្តន៍ ដើម្បីនាំជនជាតិវៀតណាម ទៅក្រៅប្រទេសត្រឡប់មកវៀតណាមវិញ។

លោក ង្វៀន ស៊ុនហ្វុក បាននិយាយទៀតថា ដើម្បីសំរេចនូវគោលដៅពីរ នៃការការពារសុខភាពសាធារណៈ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ក្រោយជំងឺកូវីដ១៩ រដ្ឋាភិបាលបានត្រៀម ដើម្បីអនុញ្ញាតិឱ្យបើកព្រំដែន ប៉ុន្តែមានការកំណត់ សំរាប់អ្នកវិនិយោគ និងអ្នកជំនាញបរទេស ចូលទៅវៀតណាម និងសំរាប់ពលករវៀតណាម ដែលទៅធ្វើការនៅក្រៅប្រទេស តាមដែលអាចធ្វើទៅបាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top