សម្តេចធិបតី ៖ កម្ពុជា-ហ្វ្រង់កូហ្វូនី មានប្រវត្តិរួមគ្នាយូរលង់មកហើយ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា និងអង្គការហ្វ្រង់កូហ្វូនី មានប្រវត្តិរួមគ្នាជាយូរលង់ណាស់មកហើយ ខណៈកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៅឆ្នាំ១៩៩៣។
ក្នុងឱកាសនៃពិធីបើកជាផ្លូវការនៃភូមិហ្វ្រង់កូហ្វូនី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ជាលើកដំបូងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយក៏ជាលើកដំបូងផងដែរ, ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ កាលពីឆ្នាំ១៩៩៧ ដែលកិច្ចប្រជុំកំពូលនេះ បានវិលត្រឡប់មកកាន់តំបន់អាស៊ីអាគ្នេយ៍សាជាថ្មីម្តងទៀត។
សម្តេចធិបតីបន្តថា ប្រទេសកម្ពុជាដែលបានរៀបចំកិច្ចប្រជុំកំពូលនាពេលនេះគឺជាពេលដ៏មានមោទនភាព, ជាពេលនៃសាមគ្គីភាព និងជាពេលនៃការអបអរដ៏រីករាយសម្រាប់ទាំងអស់គ្នា។
សម្តេចធិបតីបញ្ជាក់ទៀតថា កម្ពុជា និងហ្វ្រង់កូហ្វូនី មានប្រវត្តិរួមគ្នាយូរលង់ណាស់មកហើយ។ ដោយប្រទេសកម្ពុជាបានចូលជាសមាជិកសង្កេតការណ៍នៃអង្គការហ្វ្រង់កូហ្វូនី ក្នុងឆ្នាំ១៩៩១ មុននឹងក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៣។ សម្រាប់កម្ពុជាភាសាបារាំងគឺជាភាសានៃការចងចាំ, ជាភាសាសម្រាប់ការសិក្សា ចំណេះដឹង និងជាភាសាសម្រាប់មិត្តភាព៕
