Feature

សាស្ត្រាចារ្យ ឈាង រ៉ា ណែនាំប្រធានមន្ទីរសុខាភិបាលថ្មីសៀមរាប បន្តដឹកនាំដោយការច្នៃប្រឌិត

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានណែនាំ ដល់ប្រធានមន្ទីរសុខាភិបាលថ្មី នៃរដ្ឋបាលខេត្តសៀមរាប ត្រូវបន្តដឹកនាំដោយការច្នៃប្រឌិត ការអវិឌ្ឍថ្មីៗ ធ្វើឱ្យលើសពីសមត្ថភាពដែលធ្វើបាន និងយកបទពិសោធន៍ពីអ្នកជំនាន់មុន។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសបុគ្គលិកសុខាភិបាលទូទាំងខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបម្រើសេវាពិនិត្យ ថែទាំ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ក្នុងខេត្ត និងជុំវិញខេត្ត នាពេលកន្លងមក។

សាស្រ្តាចារ្យថ្លែងអំណរអរគុណចំពោះវេជ្ជបណ្ឌិតអតីតប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដែលបានដឹកនាំដោយការលះបង់ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋប្រកបដោយចីរភាព ។

បន្ថែមពីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តីអបអរសាទរចំពោះលោកវេជ្ជបណ្ឌិត សូរ សុទ្ធី ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប ផ្តល់ទំនុកចិត្ត តែងតាំងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប។ ការទទួលតំណែងនេះ ជាការទទួលស្គាល់សមត្ថភាព បទពិសោធន៍ និងស្នាដៃការងារ ប៉ុន្តែក៏ជា «ការទទួលខុសត្រូវដ៏ធំ និងថ្មីមួយទៀត» ចំពោះមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ជាពិសេសអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើ និងទិសដៅការងារសំខាន់ៗ ដល់ប្រធានមន្ទីរសុខាភិបាលថ្មី ដោយត្រូវបង្កើនការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាអ្នកដឹកនាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយភាពមុតស្រួច បុរេសកម្ម ដើម្បីលើកម្ពស់សុខុមាលភាព និងការបម្រើសេវាជូនប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យកាន់តែល្អប្រសើរ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរសុខាភិបាលថ្មី ដែលជាតំណាងឱ្យវិស័យសុខាភិបាលខេត្ត នៅជិតមន្រ្តីសុខាភិបាល និងនៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវពង្រឹងនឹងរក្សាវិន័យការងារ ហ្មត់ចត់ ហើយត្រូវធ្វើឱ្យចេញជាលទ្ធផល លើកកម្ពស់វប្បធម៌នៃការទទួលខុសត្រូវ សុច្ចរិតភាព។ ទន្ទឹមនឹងនេះ ត្រូវបញ្ចេញសមត្ថភាព និងបម្លែងសមត្ថភាពឱ្យជាលទ្ធផល បម្លែងសេវាសុខាភិបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ ប្រកបដោយគុណភាពប្រសិទ្ធភាព សុវត្ថិភាព និងសេចក្តីកក់ក្តៅ ព្រោះ «សុខាភិបាលជាសុខភាពរបស់ប្រជាពលរដ្ឋ»៕

To Top