ព័ត៌មានជាតិ

អាហារពហុជាតិ នៅលើតុបាយជនជាតិចិន៖ ភាគលាភដែលបានពីការ បើកទូលាយ ក្នុងកម្រិតខ្ពស់

 ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា នៅលើតុអាហាររបស់ជនជាតិចិនកើតមានការប្រែប្រួលច្រើន ដោយសារវត្តមាននៃចំណីអាហារនាំចូល ពីបរទេសបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសគឺផ្លែឈើស្រស់របស់បរទេស។ តើមូលហេតុអ្វី ដែលនាំឱ្យចំណីអាហារ ជាពិសេសប្រភេទផ្លែឈើស្រស់ របស់បរទេសកាន់តែច្រើនឡើងៗ អាចនាំចូលទីផ្សារចិន យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ?

ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា ការនាំចូលចំណីអាហារឬផ្លែឈើស្រស់ ពីបរទេសគឺតម្រូវឱ្យប្រទេសនាំចេញ បំពេញតាមគោលការណ៍កសិកម្មល្អ លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហារឱ្យបានត្រឹមត្រូវ។ ម្យ៉ាងទៀត ផ្លែឈើស្រស់ពិបាក ក្នុងការរក្សាទុក ប្រសិនបើរក្សាទុក មិនបានល្អក្នុងដំណើរការ ដឹកជញ្ជូនផ្លូវឆ្ងាយ វាអាចនឹងខូចគុណភាពឬបាត់បង់ភាពស្រស់ ដូច្នេះកាលពីមុន នៅលើតុអាហាររបស់ជនជាតិចិន មិនសូវមានវត្តមានរបស់ផ្លែឈើស្រស់ដែលនាំចូលទេ ហើយទោះបីជាមានក៏មានតម្លៃថ្លៃ ដែលប្រជាពលរដ្ឋទូទៅ មិនសូវទិញមកទទួលទាននោះទេ។

យ៉ាងណាមិញ ប្រការដែលប្រភេទផ្លែឈើស្រស់ កាន់តែច្រើនឡើងៗ បានបង្ហាញវត្តមានក្នុងទីផ្សារចិន ហើយតម្លៃក៏កាន់តែថោកទៅៗ វាជាផ្លែផ្កានៃគោលនយោបាយបើកទូលាយ ក្នុងកម្រិតខ្ពស់របស់ចិនចំពោះបរទេស។ ជាបឋម យើងយកអាស៊ានជាឧទាហរណ៍។

ចិននិងអាស៊ានជាដៃ គូពាណិជ្ជកម្មធំបំផុត រវាងគ្នានិងគ្នាអស់ពេលជាច្រើនឆ្នាំជាប់ៗគ្នា ជាពិសេស ស្របនឹង«កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(RCEP)ត្រូវបានអនុវត្តកាន់តែស៊ីជម្រៅ និងការដំឡើងកម្រិតតំបន់ ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ផ្លែឈើស្រស់របស់អាស៊ាន កាន់តែច្រើនឡើងៗ បានចូលទីផ្សារចិនយ៉ាងរលូន។

គយនៅតាមតំបន់ព្រំដែន ចិន-អាស៊ាន រួមមានខេត្តយូណាននិងភូមិភាគស្វយ័តជនជាតិជ័ងក្វាងស៊ី បានដាក់ចេញ«សេវាកម្មត្រួតពិនិត្យរហ័ស»សម្រាប់ការនាំចូលផ្លែឈើស្រស់ ដែលបានបង្កើនប្រសិទ្ធភាពនៃការនាំចូលនិងរក្សាភាពស្រស់របស់ផ្លែឈើ។ ស្របនឹងកំណើននៃការនាំចូល ផ្លែឈើស្រស់ របស់អាស៊ាន មានតម្លៃកាន់តែថោកទៅៗ ដែលកាលពីប៉ុន្មានឆ្នាំមុន ទុរេនមួយគីឡូក្រាមថ្លៃជាង១០០ យាន់ប្រាក់ចិន ឯបច្ចុប្បន្នថ្លៃតែ២០ ឬ៣០ យាន់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ដោយទទួលបានផលអនុគ្រោះ ពីគោលនយោបាយពាក់ព័ន្ធ ផ្លែឈើស្រស់របស់កម្ពុជាមានដូចជាចេក ស្វាយ មៀន ​ដូងនិងទុរេនត្រូវបានអនុញ្ញាតឱ្យនាំចូល ទីផ្សារចិន ជាបន្តបន្ទាប់ ដែលនាំឱ្យអ្នកប្រើប្រាស់ចិន មានជម្រើសកាន់តែច្រើន និងបានភ្លក់រសជាតិ ផ្លែឈើស្រស់ របស់កម្ពុជាបានគ្រប់ពេលវេលា។

យើងក្រឡេកទៅមើល ពីប្រទេសស៊ីលី ដែលមានចម្ងាយពីប្រទេសចិន ប្រហែល២ម៉ឺនគីឡូម៉ែត្រវិញម្តង។ ប្រទេសស៊ីលី មានឈ្មោះបោះសំឡេង ក្នុងចំណោមប្រជាជនចិន ដោយសារជាប្រភពនៃផ្លែឈើរីដ៏ឆ្ងាញ់ ហើយកាលពីមុនផ្លែឈើរី របស់ប្រទេសស៊ីលីជា«ផ្លែឈើអភិជន»សម្រាប់ប្រជាជនចិន ដែលមានន័យថា ជាផ្លែឈើមិនសូវសម្បូរ នៅក្នុងស្រុកនិងមានតម្លៃថ្លៃ។ ប៉ុន្តែងាកមកមើលពេលបច្ចុប្បន្ន អ្នកប្រើប្រាស់ចិនបានប្រើពាក្យថា«សេរីភាពផ្លែឈើរី»ដែលមានន័យថា ផ្លែឈើរីសម្បូរហើយមានតម្លៃថោកសមរម្យទៀត ដែលអាចបរិភោគដោយសេរីតាមតែចិត្តចង់។

ភាពខុសប្លែកគ្នាខ្លាំង រវាងអាកប្បកិរិយា អ្នកប្រើប្រាស់ចិន ចំពោះការបរិភោគផ្លែឈើរី កាលពីមុននិងពេលឥឡូវ វាមិនមែនជារឿងចៃដន្យអ្វីទេ តែជាការមានអំណោយផលពីគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»និងការបង្កើតអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)។

គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» ជំរុញការតភ្ជាប់គ្នា ធ្វើឱ្យមធ្យោបាយដឹកជញ្ជូនកាន់តែងាយស្រួល និងឆាប់រហ័ស ឯអង្គការ APEC ជំរុញការកាត់បន្ថយពន្ធគយទៅវិញទៅមក។ តាមទិន្នន័យស្ថិតិ ពន្ធគយជាមធ្យមរវាងប្រទេសក្នុងតំបន់ APEC ត្រូវបានកាត់បន្ថយពីចំនួន១៦.៩% កាលពីឆ្នាំ១៩៨៩ មកនៅត្រឹមតែ៥.១% ក្នុងឆ្នាំ២០២៤ ហើយអនុបាតពន្ធគយសូន្យ ភាគរយបានកើនពីចំនួន២៧.៣% កាលពីឆ្នាំ១៩៨៩ ដល់ចំនួន៤៨.៩% នៅឆ្នាំ២០២៤។  «ការតភ្ជាប់គ្នា+ការអនុគ្រោះពន្ធ+គោលនយោបាយអាទិភាពសម្រាប់ការត្រួតពិនិត្យការនាំចូលផ្លែឈើស្រស់របស់ចិន» បានធ្វើឱ្យការនាំចូលផ្លែឈើរី ពីប្រទេសស៊ីលី គិតចាប់ពីការដឹកជញ្ជូនឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក រហូតដល់ចូលទីផ្សារចិន ចំណាយពេលត្រឹមតែ៣ ថ្ងៃតែប៉ុណ្ណោះ ហើយមានតម្លៃថោកសមរម្យដែលអ្នកប្រើប្រាស់ទូទៅសុទ្ធតែមានលទ្ធភាពទិញមកបរិភោគបាន។

បម្រែបម្រួល និងភាពកាន់តែសម្បូរបែប នៃចំណីអាហារនៅលើតុអាហាររបស់ជនជាតិចិន វាមិនត្រឹមតែបានឆ្លុះបញ្ចាំង អំពីការប្រែប្រួលនៃជីវភាពរស់នៅ របស់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីការបើកចំហ កាន់តែធំទូលាយនិងមានកម្រិតកាន់តែខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ របស់ប្រទេសចិនផងដែរ។

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់មានប្រសាសន៍ថា «ទ្វារបើកទូលាយរបស់ចិននឹងមិនបិទជារៀងរហូត ហើយនឹងកាន់តែបើកកាន់តែធំទូលាយ»។ ការពិតជាក់ស្តែងក៏បានបង្ហាញយ៉ាងប្រចក្សថា ការបើកទូលាយរបស់ចិនមិនត្រឹមតែនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ សម្រាប់ប្រទេសនានាផងដែរ ដែលជាការរំលេចពីអត្ថន័យគន្លឹះ នៃការផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top