Feature

វិទ្យាស្ថាន NPIC របស់ក្រសួងការងារ បើកការធ្វើតេស្តទទួលស្គាល់ជំនាញ ពីមុនដំណាក់កាលទី២ សម្រាប់បងប្អូនអតីតពលករ មកពីថៃ ដោយរាជរដ្ឋាភិបាលចេញថ្លៃជំនួស

ភ្នំពេញ ៖ ការធ្វើតេស្តទទួលស្គាល់ជំនាញ តាមរយៈកម្មវិធី RPL មានសារៈសំខាន់ជាពិសេស សម្រាប់អតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ ជាច្រើនដែលមានបទពិសោធន៍ និងជំនាញការងារជាក់ស្ដែងប៉ុន្តែនៅមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ជំនាញនៅឡើយ ។ នេះជាការលើកឡើងរបស់លោក តាន់ កុសល នាយកនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ។

តាមរយៈលោក តាន់ កុសល បានឱ្យដឹងថាវិទ្យាស្ថានជាតិពហុបច្ចេកទេស (NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់អនុវត្តនូវការធ្វើតេស្តជំនាញ RPL ជំហានទី២ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ លើវិស័យសំណង់ជាង ៤០០នាក់។

លោក តាន់ កុសល បានមានប្រសាសន៍ថា «បងប្អូនជាច្រើនបានប្រមូលបទពិសោធន៍ និង ជំនាញពីការងារជាក់ស្តែង ប៉ុន្តែអ្នកខ្លះមិនទាន់ មានវិញ្ញាបនបត្របញ្ជាក់ជំនាញទាំងនោះនៅឡើយ។ កម្មវិធីនេះផ្តល់ឱកាសឱ្យពួកគាត់បង្ហាញសមត្ថភាព ដើម្បីទទួលបានការទទួលស្គាល់ជាផ្លូវការ នៅពេលលទ្ធផលវាយតម្លៃបំពេញតាមស្តង់ដារកំណត់»។

ជាមួយគ្នានេះ វិទ្យាស្ថាន NPIC មានទទួលធ្វើតេស្តលើជំនាញនៃវិស័យសំណង់ចំនួន១០រួមមាន៖ ការងារកបោរ, ការងារការ៉ូ, ការដំឡើងពុម្ភ, ការដំឡើងបណ្ដាញបំពង់ទឹក, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការងាររន្ទា, ការដំឡើងសរសៃដែក, ការផ្សារអគ្គិសនី, ការងារលាបថ្នាំអគារ, និងការងារត្រេសេជីករណ្ដៅគ្រឹះ។

សូមបញ្ជាក់ផងដែរថា ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនអតីតពលករមកពីប្រទេសថៃ រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ បានផ្តល់ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយរាជរដ្ឋាភិបាលជាអ្នកធានាបង់ថ្លៃជំនួសដើម្បីឱ្យបងប្អូនមានជម្រើស និងភាពងាយស្រួលកាន់តែច្រើនក្នុងជីវិតការងារដែលប្រែក្លាយបទពិសោធន៍រាប់សិបឆ្នាំមកជាវិញ្ញាបនបត្រ៕

To Top