Feature

ទូតអាមេរិក បង្ហាញសុទិដ្ឋិនិយម ចំពោះការដឹកនាំរបស់កម្ពុជា និងមើលឃើញពីវិបុលភាព របស់កម្ពុជា តាមរយៈសន្តិភាព

ភ្នំពេញ៖ នៅចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរដ្ឋទូតអាមេរិក លោក គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) បានសម្ដែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងអាមេរិក នាពេលកន្លងមក និងមានសុទិដ្ឋិនិយម ចំពោះការដឹកនាំរបស់កម្ពុជា និងមើលឃើញពីវិបុលភាព របស់កម្ពុជា តាមរយៈសន្តិភាព ហើយប្ដេជ្ញាទាក់ទាញ វិនិយោគិនមកកម្ពុជា។

បើតាមលោក ជា ធីរីទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក គ្រីស្តូហ្វឺ ចន អានដ័រសុន បានបង្ហាញក្ដីសង្ឃឹមថា «កម្ពុជានឹងខិតខំប្រឹងប្រែង ជាពិសេសបើកចំហរយ៉ាងសកម្ម ដល់អាជីវកម្មឬការវិនិយោគរបស់អាមេរិក នៅក្នុងប្រទេសកម្ពុជា»។

លោក គ្រីស្តូហ្វឺ ចន អានដ័រសុន បញ្ជាក់ថា លោកនឹងធ្វើដំណើរទៅតាមបណ្ដាខេត្តនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសក៏ដូចជាបង្ក នូវលក្ខណៈនៃការវិនិយោគ និងទាក់ទាញអ្នកវិនិយោគអាមេរិក មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យមានការកើនឡើងបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយចំពោះការលើកឡើង របស់លោកឯកអគ្គរដ្ឋទូត ហើយក៏ពេញចិត្តចំពោះវឌ្ឍនភាពទំនាក់ទំនង រវាងកម្ពុជានិងសហរដ្ឋអាមេរិក នាពេលកន្លងមកនិងបន្តរីកចម្រើន ដល់ពេលបច្ចុប្បន្ននេះផងដែរ។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្ដែងការពេញចិត្តបន្ថែមទៀត ចំពោះទំនាក់ទំនងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ រវាង កម្ពុជានិងអាមេរិក ដែលមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាលំដាប់៕

To Top