ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក នៅមិនទាន់អាចសន្និដ្ឋានបានថា លោកស្រី Alice Huang គឺជាចារកម្មចិននោះទេ
បរទេស៖ លោក Todd Blanche មន្ត្រីជាន់ខ្ពស់ផ្នែកច្បាប់ របស់សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងយុត្តិធម៌ នៅមិនទាន់អាចសន្និដ្ឋាន បាននៅឡើយទេថា តើលោកស្រី Alice Huang ដែលជាអ្នកជំនួញជនជាតិចិន និងធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយអតីតនាយកប្រតិបត្តិក្រុមហ៊ុន Nvidia គឺលោក Jensen Huang នោះ គឺជាចារកម្មចិនឬយ៉ាងណានោះទេ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Todd Blanche បានបញ្ជាក់ថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ពិតជាកំពុងធ្វើការស៊ើបអង្កេតលើព័ត៌មានដែលចោទថា លោកស្រី Alice Huang ធ្វើការឱ្យរដ្ឋាភិបាលចិន។
នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានផ្សព្វផ្សាយនៅពេលក្រោយមកទៀត កាលពីថ្ងៃព្រហស្បតិ៍ នៅពេលត្រូវបានសួរថាតើលោក Jensen Huang គួរតែលាលែងពីតំណែងដែរឬទេ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាក់ឡើងវិញថា គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើលោកស្រី Alice Huang គឺជាចារកម្ម ឬអត់ នោះទេ។
លោក Jensen Huang បានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍។ ដំណើរការនៃការចាកចេញនេះបានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំ ដោយចាប់ផ្តើមឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍មួយរបស់កាសែត New York Times កាលពីខែតុលា ឆ្នាំ ២០២៥ ដែលបានផ្សារភ្ជាប់រូប លោកទៅនឹង លោកស្រី Alice Huang។ លោកស្រី Alice Huang គឺជាអតីតថ្នាក់ដឹកនាំម្នាក់នៅក្រុមហ៊ុន Megaspeed ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុននេះ គឺជាដៃគូផ្លូវការផ្នែកសេវាកម្ម cloud របស់ Nvidia ដែលជាឋានៈដ៏សំខាន់មួយអនុញ្ញាត ឱ្យក្រុមហ៊ុននេះទទួលបានសិទ្ធិអាទិភាពក្នុងការទទួលបានបន្ទះឈីប (chips) ពី Nvidia។
