ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ៖ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានបំភាន់ថ្នាក់ដឹកនាំជាច្រើនរូបរបស់ក្រុមហ៊ុន រួមទាំងទីប្រឹក្សាទូទៅ លោក Tim Teter និងនាយកផ្នែកទីផ្សារ លោកស្រី Alison Wagonfeld អំពីធម្មជាតិនៃទំនាក់ទំនងរបស់លោកជាមួយនឹងអ្នកជំនួញចិនអ្នកស្រី Alice Huang ដែលលោកមានទំនាក់ទំនងលួចលាក់ជាមួយ។ នេះបើយោងតាមបុគ្គលពីររូបដែលដឹងអំពីបញ្ហានេះ និងការឆ្លើយឆ្លងផ្ទៃក្នុងដែលត្រូវបានត្រួតពិនិត្យដោយសារព័ត៌មាន Reuters។
Reuters បានពិនិត្យមើលការឆ្លើយឆ្លងជាច្រើនកាលពីខែតុលា ក្រោមលក្ខខណ្ឌថានឹងមិនដកស្រង់ពាក្យពេចន៍ទាំងស្រុងពីសារទាំងនោះឡើយ។ ទីភ្នាក់ងារព័ត៌មានមួយនេះ គឺជាស្ថាប័នដំបូងគេដែលបានរាយការណ៍អំពីការឆ្លើយឆ្លងនេះ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Huang បានលាលែងពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia ដែលនេះជាការធ្លាក់ចុះយ៉ាងដុនដាបពីកំពូលនៃឧស្សាហកម្មបន្ទះឈីប ជាកន្លែងដែលលោកគឺជាអ្នកត្រួសត្រាយបច្ចេកវិទ្យាដ៏សំខាន់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត (AI) នាពេលថ្មីៗនេះ។
លោកបានសូមអភ័យទោសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ចំពោះការក្បត់ភរិយារបស់លោក និងធ្វើឱ្យក្រុមហ៊ុនខកចិត្ត។ សេចក្តីថ្លែងការណ៍របស់លោកមិនបានបញ្ចេញឈ្មោះអ្នកស្រី Alice Huang ដែលជាអតីតថ្នាក់ដឹកនាំកំពូលរបស់អតិថិជន Nvidia គឺក្រុមហ៊ុន Megaspeed International នោះទេ ដែលជាបុគ្គលដែលសហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតជុំវិញការសង្ស័យថាអាចនឹងធ្វើចារកម្មឱ្យប្រទេសចិន។ លោក Jensen Huang និងអ្នកស្រី Alice Huang មាននាមត្រកូលដូចគ្នា ប៉ុន្តែមិនមែនជាសាច់ញាតិនឹងគ្នាឡើយ។
សារព័ត៌មាន The New York Times កាលពីដើមសប្តាហ៍នេះ បានរាយការណ៍ថា លោក Huang ក៏មានទំនាក់ទំនងស្នេហាលួចលាក់ក្រៅអាពាហ៍ពិពាហ៍ជាមួយបុគ្គលិក Nvidia ម្នាក់ផងដែរ ហើយ Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក Huang ក៏មានទំនាក់ទំនងស៊ីជម្រៅជាមួយបុគ្គលិក Nvidia ផ្សេងម្នាក់ទៀត។
ទាក់ទងនឹងរឿងនេះ លោក Teter មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។ លោកស្រី Wagonfeld ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដូចគ្នា។ តំណាងរបស់អតីតនាយកប្រតិបត្តិលោក Huang និងអ្នកនាំពាក្យរបស់ក្រុមហ៊ុន Nvidia បានបដិសេធមិនធ្វើអត្ថាធិប្បាយ។ ការហៅទូរស័ព្ទ និងការផ្ញើអ៊ីមែលទៅកាន់ព័ត៌មានទំនាក់ទំនង ដែលមានចុះនៅលើនាមប័ណ្ណរបស់អ្នកស្រី Alice Huang ក៏មិនមានការឆ្លើយតបដែរ។
នៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៥ និងក្នុងខែតុលា ឆ្នាំ ២០២៦ ក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលបានទាក់ទាញចំណាប់អារម្មណ៍ថ្នាក់ដឹកនាំ Nvidia មួយចំនួន ជុំវិញទំនាក់ទំនងរបស់លោកជាមួយក្រុមហ៊ុន Megaspeed និងអ្នកស្រី Alice Huang លោក Huang ទាំងពីរលើកនេះ បានពណ៌នាអំពីអន្តរកម្មរបស់ពួកគេថាជា «ភាពសមរម្យ» (appropriate)។ នេះបើតាមការលើកឡើងរបស់ប្រភពព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
Reuters បានពិនិត្យមើលត្រឹមតែសារពីការឆ្លើយឆ្លងនៅក្នុងខែតុលាប៉ុណ្ណោះ មិនមែនសារពីឆ្នាំ ២០២៥ នោះទេ។
នៅក្នុងសារដាច់ដោយឡែកចំនួនពីរនៅក្នុងខែតុលា លោក Huang បានប្រាប់ថ្នាក់ដឹកនាំ Nvidia រួមទាំងលោក Teter និងលោកស្រី Wagonfeld ថា អន្តរកម្មនេះបានឆ្លុះបញ្ចាំងពីការប្រាស្រ័យទាក់ទងអាជីវកម្មជាស្តង់ដារជាមួយអតិថិជន។ នៅក្នុងសារផ្សេងទៀត លោក Huang បានអះអាងពីលក្ខណៈទម្លាប់ធម្មតានៃអន្តរកម្មរបស់លោកជាមួយក្រុមហ៊ុន Megaspeed។
ប្រភពដដែលបានឱ្យដឹងថា លោក Huang ក៏បានពិភាក្សាអំពីការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងសារព័ត៌មាន New York Times បន្ទាប់ពីសារព័ត៌មាននេះបានបោះពុម្ពអត្ថបទមួយកាលពីខែតុលាឆ្នាំមុន ដែលទាក់ទាញការចាប់អារម្មណ៍ទៅលើការជួបគ្នាសាធារណៈរបស់លោកជាមួយអ្នកស្រី Alice Huang។
អត្ថបទនោះបានជំរុញឱ្យលោក Jensen Huang ទាក់ទងជាមួយថ្នាក់ដឹកនាំ Nvidia មួយចំនួនក្នុងឆ្នាំ ២០២៥ អំពីអន្តរកម្មរបស់ពួកគេ ដែលលោកមិនបានពណ៌នាថាជាទំនាក់ទំនងលួចលាក់នោះទេ (affair)។ ទីបំផុត ទាំងក្រុមហ៊ុន Nvidia និងលោក Huang មិនបានប្តឹងផ្តល់សារព័ត៌មាននោះឡើយ។ អ្នកនាំពាក្យរបស់ New York Times បាននិយាយថា សារព័ត៌មានមិនទទួលបានការទាមទារផ្លូវច្បាប់ណាមួយនោះទេ។
មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថាតើទំនាក់ទំនងរបស់លោកជាមួយអ្នកស្រី Alice Huang ចាប់ផ្តើមក្លាយជាភាពស្និទ្ធស្នាលតាំងពីពេលណានោះទេ។ ប៉ុន្តែរូបថតដែលត្រូវបានបង្ហោះលើអ៊ីនធឺណិត និងផ្ទៀងផ្ទាត់ដោយ Reuters បានបង្ហាញថាពួកគេនៅជាមួយគ្នានៅក្នុងសហរដ្ឋអាមេរិក ចិន និងទីកន្លែងផ្សេងៗទៀត តាំងពីខែធ្នូ ឆ្នាំ ២០២៣ មកម្ល៉េះ។
