ព័ត៌មានអន្តរជាតិ

ចិននឹងជំរុញការវិនិយោគ លើថាមពលកកើតឡើងវិញ នៅតួគីយ៉េ តាមរយៈកិច្ចព្រមព្រៀងថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ក្នុងទំទំហំទឹកប្រាក់ប្រមាណ ១៥ពាន់លានដុល្លារ

​បរទេស៖ តួកគីយ៉េ មានបំណង ពង្រីកថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់យ៉ាងគំហុកនៅត្រឹមឆ្នាំ ២០៤០ ហើយបច្ចុប្បន្នកំពុងស្វែងរកការ វិនិយោគពីបរទេសដើម្បីផ្តល់មូល និធិសម្រាប់គម្រោងទាំងនេះ។

​រដ្ឋមន្ត្រីក្រសួងថាមពលតួកគីយ៉េបានថ្លែងថា ប្រទេសតួកគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយជាមួយប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ (ទី១២ វិច្ឆិកា) ក្នុងគោលបំណងទាក់ទាញការវិនិយោគប្រមាណ ១៥ ពាន់លានដុល្លារអាមេរិក (ស្មើនឹង ១៣,៥ ពាន់លានអឺរ៉ូ) ទៅលើគម្រោងថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុអង្គការសហប្រជាជាតិ COP31 នៅទីក្រុងអង់តាលីយ៉ា (Antalya)។ កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើផែនការសាងសង់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ដែលមានសមត្ថភាពផលិតថាមពលរួមគ្នាទំហំ ៧ ជីហ្គាវ៉ាត់ (gigawatts) ព្រមទាំងការសាងសង់កន្លែងផ្ទុកថាមពល និងការកែលម្អបណ្តាញអគ្គិសនីផងដែរ។

​រដ្ឋមន្ត្រីក្រសួងថាមពលតួកគីយ៉េ លោក Alparslan Bayraktar បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះក៏នឹងរួមបញ្ចូលការចែករំលែកបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការផលិតឧបករណ៍ទួរប៊ីនខ្យល់ (wind-turbine) នៅក្នុងប្រទេសតួកគីផងដែរ។

​ទោះជាយ៉ាងណាក៏ដោយ ការប្រកាសនេះមិនបានផ្តល់កាលវិភាគជាក់លាក់សម្រាប់គម្រោង ឬព័ត៌មានលម្អិតអំពីរបៀបដែលគម្រោងទាំងនេះនឹងត្រូវផ្តល់ហិរញ្ញប្បទាននោះទេ។
​ការចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានាធិបតីតួកគីយ៉េ លោក Recep Tayyip Erdoğan និងអនុប្រធានាធិបតីចិន លោក Han Zheng នៅក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃទី១១ ខែវិច្ឆិកា។

​យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួ (Xinhua) លោក Han បានថ្លែងថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញឱ្យក្រុមហ៊ុនចិនកាន់តែច្រើនទៅវិនិយោគនៅតួកគី ហើយលោកបានកំណត់ថា ថាមពលកកើតឡើងវិញ គឺជាវិស័យសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ។

​យោងតាមក្រសួងថាមពលតួកគីបានឱ្យដឹងថា គិតត្រឹមចុងខែកញ្ញា តួកគីមានសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ប្រមាណ ៤៣,៨ ជីហ្គាវ៉ាត់ ដែលស្មើនឹងជាងមួយភាគបីនៃសមត្ថភាពផលិតអគ្គិសនីសរុបរបស់ខ្លួន។

​រដ្ឋាភិបាលចង់បង្កើនសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ឱ្យដល់ ១៧៥ ជីហ្គាវ៉ាត់ នៅត្រឹមឆ្នាំ ២០៤០ ក្រោមយុទ្ធសាស្ត្រថាមពលជាតិថ្មីរបស់ខ្លួន។ ផែនការនេះមានគោលបំណងផ្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសឱ្យងាកចេញពីការប្រើប្រាស់ប្រេង និងឧស្ម័ន ទៅកាន់ការប្រើប្រាស់អគ្គិសនីឱ្យបានកាន់តែច្រើន។

​ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃទី១០ ខែវិច្ឆិកា លោក Bayraktar បានប៉ាន់ប្រមាណថា តួកគីនឹងត្រូវការការវិនិយោគប្រមាណ ៣០០ ពាន់លានដុល្លារ (២៧០ ពាន់លានអឺរ៉ូ) សម្រាប់ការផ្លាស់ប្តូរថាមពលរបស់ខ្លួននៅត្រឹមឆ្នាំ ២០៤០។ លោកបានបញ្ជាក់ថា ការទាក់ទាញថវិកាទាំងនោះនឹងតម្រូវឱ្យមានភាពជាដៃគូអន្តរជាតិ និងលក្ខខណ្ឌដែលអាចទស្សន៍ទាយបានសម្រាប់អ្នកវិនិយោគ។

ប្រែសម្រួល៖ គីរី

To Top