ព័ត៌មានជាតិ

អង្គការយូណេស្កូ បន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌ ឱ្យបានគង់វង្ស

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ នៅថ្ងៃទី១៤ វិច្ឆិកា នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, lokបណ្ឌិត Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ បានឱ្យដឹងថា អង្គការ បន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌ ឱ្យបានគង់វង្សយូរអង្វែង។

ក្នុងឱកាសនៃជំនួប, លោកអគ្គនាយកអង្គការយូណេស្កូ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ លើវិស័យវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ហើយ លោក ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ច របស់ឯកឧត្តមមកកម្ពុជា នាពេលនេះ នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងយូណេស្កូ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

លោក បានបន្ថែមទៀតថា បេសកកម្មរបស់អង្គការយូណេស្កូ មានភាពស្របគ្នាជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលធនមនុស្ស, ការអប់រំ និងការពង្រឹងសមត្ថភាពផ្នែកវិទ្យាសាស្ត្រ ហើយអង្គការយូណេស្កូនឹងបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជាប្រយោជន៍បន្ថែមទៀត ​ដល់ប្រជាជនកម្ពុជា​។​ លោក​ បានបញ្ជាក់ទៀតថា «ផ្អែកលើជោគជ័យ នៃកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាល​កម្ពុជាកន្លងមក, អង្គការ យូណេស្កូនឹងបន្តគាំទ្រ និងផ្ដល់ជំនួយចាំបាច់នានាដល់ប្រទេសកម្ពុជាលើកិច្ចការជាច្រើនថែមទៀត ជាពិសេសលើការអភិរក្សបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្សយូរអង្វែង»។

ជាការឆ្លើយតប សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការរួមចំណែករបស់យូណេស្កូក្នុងកិច្ចការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់កម្ពុជា ដែលជាសម្បត្តិរួមរបស់មនុស្សជាតិ ។ សម្ដេចធិបតីបានបន្តថា ការការពារបេតិកភណ្ឌវប្បធម៌ មិនមែនត្រឹមតែរក្សាភាពគង់ វង្សនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ស្នាដៃដូនតា និងដួងព្រលឹងជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់អប់រំ និងបំផុសគំនិតដល់យុវជន ជំនាន់ក្រោយឱ្យសិក្សាស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ និងប្រវត្តិសាស្ត្រ​របស់ជាតិ​ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងអនាគតប្រទេសជាតិផងដែរ។

ទន្ទឹមនឹងនេះ, សម្ដេចធិបតី បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធានាបាននូវស្ថិរភាព និងសន្តិភាព ដែលជាបុរេលក្ខខណ្ឌមិនត្រឹមតែសម្រាប់កិច្ចការ អភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះក្នុងការបន្តអភិវឌ្ឍសង្គម សេដ្ឋកិច្ច​។​

ជាមួយគ្នានេះ,​ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកិច្ចការអភិរក្ស, ការថែរក្សាកំណត់ត្រាប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ដោយបានជំរុញឱ្យមានការធ្វើឌីជីថលូបនីយកម្មឯកសារប្រវត្តិសាស្ត្រ សំដៅប្រែក្លាយទៅជាចំណេះដឹងទូលំទូលាយសម្រាប់អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស។

​សម្ដេចធិបតី បានលើកទឹកចិត្តឱ្យអង្គការយូណេស្កូបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជំរុញការលើកកម្ពស់ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលជាចលករដ៏សំខាន់មួយនៃការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព៕

To Top