ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ពានបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោក តូ ឡឹម ហើយសម្ដេចបានចាត់ទុកវត្តមាន របស់លោក តូ ឡឹម មកកាន់កម្ពុជានៅពេលនេះ គឺជាការផ្ដល់កិត្តិយស ដោយបង្ហាញនូវការផ្ដល់តម្លៃ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម ហើយជាពិសេសនោះ គឺការផ្ដល់តម្លៃដល់ សហគមន៍ហ្វ្រង់កូហ្វូនី ហើយសម្ដេចតេជោក៏បានឆ្លៀត សរសើរអំពីវឌ្ឍនភាព នៃការរីកចម្រើនសេដ្ឋកិច្ច របស់វៀតណាមផងដែរ។
នៅក្នុងឱកាសនោះ លោក តូ ឡឹម បានសម្ដែងនូវការអរគុណ ចំពោះសម្ដេចតេជោដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរូបលោកនិងប្រតិភូ ហើយលោកបានចាត់ទុក សម្ដេចតេជោគឺជាមិត្តដ៏ស្និទ្ធស្នាល របស់វៀតណាម លោកក៏បានអបអរសាទរ ចំពោះកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាពេលនេះ ដោយលោកបានបញ្ជាក់ថា នេះគឺជាឱកាស សម្រាប់កម្ពុជាបង្ហាញនូវតួនាទី នៅលើឆាកអន្តរជាតិ ជាពិសេសកិត្យានុភាព របស់កម្ពុជា នៅពេលខាងមុខ។
លោក តូ ឡឹម ក៏បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរបន្ថែមទៀត ដែលភាគីទាំងពីរត្រូវធ្វើការជាមួយគ្នា ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច វិស័យអប់រំ និងទំនាក់ទំនង នៅតាមបណ្ដាព្រំដែន នៃប្រទេសទាំងពីរ។
សម្ដេចតេជោ បានសម្ដែងការឯកភាព ចំពោះការលើកឡើងរបស់ លោក តូ ឡឹម ជាពិសេសជុំវិញទំនាក់ទំនងរវាង កម្ពុជានិងវៀតណាម ទន្ទឹមនឹងនេះ សម្ដេចក៏បានលើកឡើងថា កម្ពុជានិងវៀតណាម គឺជាប្រទេសដែលមានប្រវត្តិជាអ្នកជិតខាងល្អ ហើយតែងតែជួយគ្នាទៅវិញទៅមក។ អ្វីដែលសម្ដេចតេជោ បានកត់សម្គាល់និងពេញចិត្តនោះ គឺទំហំពាណិជ្ជកម្ម រវាងកម្ពុជានិងវៀតណាម មានការកើនឡើងជាបន្ទាប់បន្ទាប់ ដែលមកដល់ពេលនេះ ប្រទេសទាំងពីរ មានទំហំពាណិជ្ជកម្ម កើនឡើងជាង១០ពាន់លានដុល្លារ ហើយគោលដៅទៅមុខទៀត ដែលភាគីទាំងពីរ ចង់សម្រេចឱ្យបាន គឺ២០ពាន់លានដុល្លារ នៅពេលខាងមុខ ហើយភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនេះគឺជាការឆ្លុះបញ្ចាំង អំពីការបំពេញឱ្យគ្នាទៅវិញទៅមក ឧទាហរណ៍ដូចជាកម្ពុជានាំចេញស្វាយចន្ទីទៅកាន់ប្រទេសវៀតណាម ដែលវៀតណាមគឺជាប្រទេសដែលពូកែកែច្នៃ ហើយកម្ពុជា បាននាំចេញស្វាយចន្ទីដ៏ច្រើន ដែលមានប្រមាណ១លានតោនក្នុងមួយឆ្នាំ ទៅកាន់ប្រទេសវៀតណាម ទន្ទឹមនឹងនេះសម្ដេចតេជោ ក៏បានសម្ដែងការពេញចិត្ត ចំពោះកិច្ចការនៅតាមព្រំដែន រវាងប្រទេសទាំងពីរ ធ្វើយ៉ាងណាឱ្យអាជ្ញាធរ ឬក៏ស្ថាប័នថ្នាក់ក្រោមជាតិ នៅតាមព្រំដែននៃកម្ពុជាវៀតណាម បន្តនូវការរឹតចំណងមិត្តភាព ជាមួយគ្នា និងសហការគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់នូវការផ្ដល់ផលប្រយោជន៍ ដល់ទំនាក់ទំនងជារួមសម្រាប់កម្ពុជា និងវៀតណាម ក៏ដូចជាផលប្រយោជន៍ សម្រាប់ប្រជាជននៅមូលដ្ឋាន រវាងប្រទេសទាំងពីរផងដែរ។
ភាគីទាំងពីរ ក៏ពិភាក្សាទៅលើវិស័យមួយចំនួនទៀត ពាក់ព័ន្ធទៅនឹងវិស័យអប់រំ វិស័យកិច្ចសហប្រតិបត្តិការ ទៅលើនយោបាយ កិច្ចការនៅក្នុងក្របខ័ណ្ឌគណបក្ស នៃប្រទេសទាំងពីរ ដែលបានធ្វើជាមួយគ្នានាពេលកន្លងមក ដែលបន្ថែមនូវអ្វី ដែលជាការសម្រេច កាលពីកិច្ចប្រជុំគណបក្ស នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោក តូ ឡឹម ទទួលបានជោគជ័យ នៅក្នុងការដឹកនាំប្រតិភូមកចូលរួម ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ ៕



