នយោបាយ

លោក កឹម សុខា ៖ ពលរដ្ឋខ្មែរ នៅតែគាំទ្រ ជំហរខ្ញុំ គឺអហិង្សា ការអត់ធ្មត់ ផ្សះផ្សាជាតិ មិនបង្កជម្លោះ

ភ្នំពេញ ៖ លោក កឹម សុខា បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ នៅតែគាំទ្រនូវគោលជំហរ របស់លោក គឺអហិង្សា ការអត់ធ្មត់ ផ្សះផ្សាជាតិ មិនបង្កជម្លោះ មិនគុំកួនសងសឹក ដោយមិនយកខ្មែរជាសត្រូវ ជាពិសេស គុណតម្លៃសកលផ្នែកសិទ្ធិមនុស្ស ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក លោក កឹម សុខា។

ក្នុងជំនួបពិភាក្សាការងារ លោកស្រី Allison Steward ឯកអគ្គរាជទូតកាណាដា ចប់អាណត្តិ ប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក កឹម សុខា បានថ្លែងអំណរអរគុណ ចំពោះរដ្ឋាភិបាលកាណាដា ក៏ដូចជា ប្រទេសជាមិត្តនានា ដែលតែងតែជួយកម្ពុជា ផ្តល់កិត្តិយស និងទទួលស្គាល់គុណតម្លៃ របស់លោក។

លោកបន្ដថា «ជាពិសេស ខ្ញុំសូមអរគុណ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលនៅតែគាំទ្រ នូវជំហរខ្ញុំ អហិង្សា ការអត់ធ្មត់ ផ្សះផ្សាជាតិ មិនបង្កជម្លោះ មិនគុំកួនសងសឹក មិនយកខ្មែរជាសត្រូវ ជាពិសេសគុណតម្លៃសកល គឺសិទ្ធិមនុស្ស» ។

លោកជឿជាក់ថា ដោយសារលោកប្រកាន់ខ្ជាប់ នូវគោលជំហរនេះហើយ ទើបរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសជាច្រើន រួមទាំងសហគមន៍អន្តរជាតិ ផ្តល់តម្លៃឲ្យលោក ទោះលោកស្ថិតនៅកន្លែងណា ហើយបើទោះបីជាមានអ្នកខ្លះ មិនគាំទ្រនូវជំហរនេះក៏ដោយ ៕ ដោយ អេង ប៊ូឆេង

To Top