Feature

លោក ខូយ រីដា អញ្ជើញដឹកនាំកិច្ចប្រជុំ និងបើកការដ្ឋានស្ថាបនាផ្លូវ ត្រើយខាងកើតស្ទឹងពោធិ៍សាត់

ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្ថាបនាផ្លូវខាងកើតស្ទឹងពោធិ៍សាត់ ដែលពិធីនេះបានប្រព្រឹត្តទៅ នៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១ សាលាខេត្តពោធិ៍សាត់)។

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិភាក្សា លោកអភិបាលខេត្ត បានអញ្ជើញបន្តដឹកនាំប្រតិភូអមដំណើរ មន្ត្រីជំនាញពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ចុះបើកការដ្ឋានដំណើរការស្ថាបនាផ្លូវខាងកើតស្ទឹងពោធិ៍សាត់ជាផ្លូវការ។

ការស្ថាបនាខ្សែផ្លូវមួយខ្សែនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កែលម្អសោភ័ណភាពក្រុងពោធិ៍សាត់ឱ្យកាន់តែមានភាពទាក់ទាញ ព្រមទាំងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល លឿនរហ័ស និងមានសុវត្ថិភាពខ្ពស់៕
ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top