ព័ត៌មានអន្តរជាតិ

អ្នកវិភាគ៖ APEC 2026 នៅទីក្រុងសិនជិន មិនត្រឹមតែតាមដានកិច្ចប្រជុំ ប៉ុន្តែត្រូវយល់ពីទិសដៅ សេដ្ឋកិច្ចពិភពលោក

«កិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣ នៃមេដឹកនាំ សេដ្ឋកិច្ច APEC នៅទីក្រុងសិនជិន ប្រទេសចិន មិនមែនគ្រាន់តែជាកិច្ចប្រជុំរបស់មេដឹកនាំប្រទេស សេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយសម្រាប់ពិភពលោក ក្នុង ការពិភាក្សាអំពីទិសដៅសេដ្ឋកិច្ចពិភពលោក ការធ្វើពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា និងការស្វែង រកកិច្ចសហប្រតិបត្តិការរួម នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការប្រែប្រួលយ៉ាងឆាប់ រហ័ស»។ នេះបើតាមការលើកឡើងរបស់ លោកបណ្ឌិត កៅ មុយថង អ្នកវិភាគនៅកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ។

លោកពន្យល់ថា កិច្ចប្រជុំនេះកើតឡើងនៅពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាប្រឈមច្រើន ដូចជា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ការប្រែប្រួលនៃពាណិជ្ជកម្មអន្តរជាតិ ការប្រកួតប្រជែងផ្នែក បច្ចេកវិទ្យា និងការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ឡើងវិញ។ ដូច្នេះ កិច្ចប្រជុំនេះមានសារៈសំខាន់លើចំណុច ធំៗចំនួនបួន ៖

ទីមួយ គឺការជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។ APEC មានសមាជិកចំនួន២១ ដែល តំណាងឱ្យសេដ្ឋកិច្ចធំៗ និងទីផ្សារសំខាន់ៗនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សេដ្ឋកិច្ចទាំងនេះ មាន កម្រិតអភិវឌ្ឍន៍ និងសមត្ថភាពខុសៗគ្នា ប៉ុន្តែមានទំនាក់ទំនងពឹងផ្អែកគ្នាយ៉ាងជិតស្និទ្ធ។
ដូច្នេះ កិច្ចប្រជុំនេះជាឱកាសឱ្យមេដឹកនាំពិភាក្សាអំពីការបើកចំហទីផ្សារ ការកាត់បន្ថយឧបសគ្គ ពាណិជ្ជកម្ម ការសម្រួលនីតិវិធីពាណិជ្ជកម្ម និងការជំរុញលំហូរវិនិយោគឆ្លងកាត់ព្រំដែន។ ប្រសិនបើ មានការឯកភាព និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរ វានឹងជួយបង្កើតឱកាសធុរកិច្ច ការងារ និង កំណើនសេដ្ឋកិច្ចសម្រាប់សមាជិកទាំងមូល។

ទីពីរ គឺការឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។ យើងឃើញថា បច្ចុប្បន្ន AI និងបច្ចេកវិទ្យាឌីជីថលកំពុងផ្លាស់ប្តូររបៀបផលិតកម្ម ការផ្តល់សេវា ការធ្វើពាណិជ្ជកម្ម និង ទីផ្សារការងារ។ ដូច្នេះ បញ្ហាសំខាន់មិនមែនត្រឹមតែថា ប្រទេសណាអាចអភិវឌ្ឍបច្ចេកវិទ្យាបានលឿន ជាងគេនោះទេ ប៉ុន្តែគឺធ្វើយ៉ាងណាឱ្យប្រទេសដែលមានកម្រិតអភិវឌ្ឍន៍ខុសៗគ្នា អាចចូលរួម និង ទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើននេះដោយសមធម៌។
នេះជាឱកាសសម្រាប់សមាជិក APEC ផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែក នវានុវត្តន៍ និងស្វែងរកវិធីប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព ដោយមិនទុកឱ្យគម្លាតបច្ចេកវិទ្យា។

ទីបី គឺការពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់។ បទពិសោធន៍ពីវិបត្តិសេដ្ឋកិច្ច និង ការប្រែប្រួលស្ថានការណ៍អន្តរជាតិកន្លងមក បានបង្ហាញថា សេដ្ឋកិច្ចប្រទេសមួយអាចរងផលប៉ះពាល់ យ៉ាងឆាប់រហ័ស ប្រសិនបើខ្សែច្រវាក់ផ្គត់ផ្គង់ត្រូវបានរំខាន។ ហេតុនេះ ប្រទេសនានាត្រូវយកចិត្តទុកដាក់លើការធានាលំហូរទំនិញ វត្ថុធាតុដើម ថាមពល និង សន្តិសុខស្បៀងឱ្យមានស្ថិរភាព។

ទីបួន គឺការរក្សាវេទិកាសន្ទនា និងកសាងទំនុកចិត្តរវាងប្រទេសដែលមានផលប្រយោជន៍ខុសៗ គ្នា។ ចំណុចនេះមានសារៈសំខាន់ណាស់ ព្រោះប្រទេសក្នុងតំបន់មិនមានទស្សនៈ ឬផលប្រយោជន៍ ដូចគ្នាទាំងអស់នោះទេ។ ប៉ុន្តែតាមរយៈ APEC ប្រទេសទាំងអស់នោះ គឺនៅតែអាចជួបពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងស្វែងរកចំណុចរួមលើបញ្ហាសេដ្ឋកិច្ច។ ទោះបី APEC មិនមែនជាអង្គការ ដែលមានកាតព្វកិច្ចច្បាប់បង្ខំសមាជិកក៏ដោយ ក៏វានៅតែមានតួនាទីសំខាន់ក្នុងការសម្របសម្រួល គោលនយោបាយ និងពង្រឹងទំនុកចិត្តក្នុងតំបន់។

គួរបញ្ជាក់ថា កិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំសេដ្ឋកិច្ច APEC ឬកិច្ចប្រជុំកំពូល APEC លើកទី ៣៣ ប្រព្រឹត្តទៅ នៅទីក្រុង Shenzhen ថ្ងៃទី ១៨–១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦។

រីឯសម្រាប់កម្ពុជាវិញ, កិច្ចប្រជុំ APEC ឆ្នាំ២០២៦ ក៏មានសារៈសំខាន់សម្រាប់កម្ពុជា ដែល យើងគួរតាមដានឱ្យបានដិតដល់។ ​

តាមទស្សនៈរបស់បណ្ឌិត កៅ មុយថង, កម្ពុជាគួរតាមដាន និងស្វែងរកឱកាសពីកិច្ចប្រជុំនេះលើចំណុចសំខាន់ៗ ចំនួនបី ៖

ទីមួយ គឺឱកាសពាណិជ្ជកម្ម និងការពង្រីកទីផ្សារនាំចេញ។ ប្រទេសសមាជិក APEC មួយចំនួន មានទីផ្សារធំៗ និងជាដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា។ ដូច្នេះ យើងគួរតាមដានថា តើកិច្ចប្រជុំនេះ មានទិសដៅយ៉ាងដូចម្តេចចំពោះការបើកចំហទីផ្សារ និងការសម្រួលពាណិជ្ជកម្ម។ ចំណុចនេះអាច ជួយឱ្យកម្ពុជាស្វែងយល់ពីឱកាសសម្រាប់ផលិតផលរបស់ខ្លួន ដូចជា អង្ករ ផលិតផលកសិកម្ម កសិផលកែច្នៃ សម្លៀកបំពាក់ និងផលិតផលឧស្សាហកម្មផ្សេងៗ ដើម្បីពង្រីកទីផ្សារនាំចេញឱ្យកាន់តែ ទូលំទូលាយ។

ទីពីរ គឺឱកាសក្នុងការទាក់ទាញការវិនិយោគ និងចូលរួមក្នុងខ្សែច្រវាក់ផលិតកម្មក្នុងតំបន់។ នៅពេលសេដ្ឋកិច្ចក្នុងតំបន់កំពុងមានការផ្លាស់ប្តូរទីតាំងផលិតកម្ម និងប្រភពផ្គត់ផ្គង់ កម្ពុជាគួរតាម ដានថា តើវិស័យណាខ្លះអាចមានឱកាសមកវិនិយោគនៅក្នុងប្រទេសយើង។ ប៉ុន្តែ យើងក៏ត្រូវរៀបចំ ខ្លួនឱ្យបានល្អដែរ ដោយបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ឡូជីស្ទិក នីតិវិធីគយ បរិយាកាស ធុរកិច្ច និងគុណភាពធនធានមនុស្ស។ និយាយឱ្យសាមញ្ញគឺយើងត្រូវមានសមត្ថភាពប្រកួតប្រជែង និងត្រៀមខ្លួនឱ្យរួចជាស្រេច ដើម្បីទទួលយកឱកាសវិនិយោគដែលអាចកើតមាន។

ទីបី គឺការពង្រឹងសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស។ ការផ្តោតលើនវានុវត្តន៍ និង បញ្ញាសិប្បនិម្មិតក្នុង APEC គឺជាប្រធានបទដែលកម្ពុជាគួរយកចិត្តទុកដាក់។ ពិភពលោកកំពុងផ្លាស់ប្តូរ យ៉ាងលឿន ហើយសេដ្ឋកិច្ចនាពេលអនាគតនឹងពឹងផ្អែកកាន់តែខ្លាំងលើចំណេះដឹង បច្ចេកវិទ្យា និង ជំនាញរបស់មនុស្ស។ ដូច្នេះ កម្ពុជាត្រូវគិតគូរថា តើយើងអាចបណ្តុះបណ្តាលយុវជនឱ្យមានជំនាញ ស្របតាមតម្រូវការថ្មីៗបានយ៉ាងដូចម្តេច? ហើយតើយើងអាចជួយឱ្យសហគ្រាសធុនតូចនិងមធ្យម ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងពង្រីកទីផ្សារបានយ៉ាងដូចម្តេច?

«ខ្ញុំគិតថា នេះជាចំណុចដែលកម្ពុជាមិនគួរមើលរំលង ព្រោះការអភិវឌ្ឍសេដ្ឋកិច្ចនាពេលខាងមុខ មិនអាចពឹងផ្អែកតែលើកម្លាំងពលកម្ម និងការវិនិយោគទុនប៉ុណ្ណោះទេ ប៉ុន្តែត្រូវពឹងផ្អែកកាន់តែខ្លាំងលើ សមត្ថភាពមនុស្ស និងផលិតភាពផងដែរ។ កម្ពុជាមិនចាំបាច់ត្រូវជាសមាជិកនៃគ្រប់វេទិកាអន្តរជាតិទាំងអស់ ទើប អាចទទួលបានផលប្រយោជន៍ពីវេទិកាទាំងនោះនោះទេ។ អ្វីដែលសំខាន់ គឺយើងត្រូវមានសមត្ថភាព តាមដាន យល់ដឹង វិភាគ និងចាប់យកឱកាសពីការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក»។

នេះគឺជាការគូសបញ្ជាក់បន្ថែម របស់ បណ្ឌិត កៅ មុយថង អ្នកវិភាគនៅកម្ពុជា៕

To Top