វិទ្យុបារាំងអន្តរជាតិ លាតត្រដាងថា កងទ័ពបារាំងកំពុងប្រតិបត្តិការដោយសម្ងាត់នៅក្នុងប្រទេសអ៊ុយក្រែន
បរទេស៖ វិទ្យុបារាំងអន្តរជាតិ (RFI) បានលាតត្រដាងថា បុគ្គលិកយោធាបារាំងបានប្រតិបត្តិការដោយសម្ងាត់នៅក្នុងប្រទេសអ៊ុយក្រែនអស់រយៈពេលជាច្រើនខែមកហើយ ដោយធ្វើការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែន និងថែទាំអាវុធដែលផ្គត់ផ្គង់ដោយបណ្តាប្រទេសលោកខាងលិច។ បេសកកម្មសម្ងាត់នេះ ដែលត្រូវបានអនុវត្តដោយមិនបានជូនដំណឹងដល់សមាជិកសភាក្នុងទីក្រុងប៉ារីសនោះទេ និងដែលត្រូវបានគេរាយការណ៍ថាបានដំណើរការយ៉ាងហោចណាស់តាំងពីរដូវក្តៅឆ្នាំ ២០២៦ មកម្ល៉េះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ថា យោងតាមការស៊ើបអង្កេតមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ប្រតិបត្តិការនេះមានឈ្មោះកូដថា «Volia» និងដឹកនាំដោយឧត្តមសេនីយ៍បារាំងម្នាក់ ដោយមានការចូលរួមពីក្រុមយោធាតូចៗដែលត្រូវបានបញ្ជូនទៅបំពេញបេសកកម្មរយៈពេលខ្លី។
បុគ្គលិកទាំងនេះត្រូវបានគេដឹងថា គ្រាន់តែចូលរួមក្នុងការបណ្តុះបណ្តាល និងថែទាំអាវុធទំនើបៗដែលផ្គត់ផ្គង់ដោយប្រទេសបារាំងប៉ុណ្ណោះ រួមមាន កាំភ្លើងធំចល័តប្រភេទ Caesar, យន្តហោះចម្បាំងប្រភេទ Mirage 2000 និងមីស៊ីលដែលមានភាពជាក់លាក់ខ្ពស់ ដោយមិនបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិប្រយុទ្ធឡើយ។
ដើម្បីបិទបាំងវត្តមានរបស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែន អាជ្ញាធរយោធាបារាំងត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់បេសកកម្មបណ្តុះបណ្តាលមួយដែលមានស្រាប់នៅក្នុងប្រទេសប៉ូឡូញ (ដែលជាប្រទេសជិតខាង) ដែលមានឈ្មោះកូដថា «Gerfaut» ដើម្បីបន្លំភ្នែក។
បេសកកម្ម Gerfaut នេះបានដំណើរការតាំងពីឆ្នាំ ២០២៣ មក ក្រោមក្របខ័ណ្ឌនៃបេសកកម្មជំនួយយោធារបស់សហភាពអឺរ៉ុបដើម្បីគាំទ្រអ៊ុយក្រែន (EUMAM) ដែលបានបណ្តុះបណ្តាលទាហានអ៊ុយក្រែនប្រហែល ២៥,០០០ នាក់ ទាំងនៅក្នុងប្រទេសបារាំង និងប្រទេសប៉ូឡូញ។
ប្រែសម្រួលៈ តុលា
