ព័ត៌មានជាតិ

លោក ស សុខា អញ្ជើញចុះសំណេះសំណាល និងនាំអំណោយឧបត្ថម្ភដល់កងកម្លាំង ការពារព្រំដែនជួរមុខ ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ

ព្រះវិហារ ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមជាមួយមន្ត្រីជាន់ខ្ពស់ បានចូលរួម ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ជាថវិកា ស្បៀងអាហារ និងសម្ភារឧបត្ថម្ភជូនដល់កងកម្លាំង វរសេនាតូចនគរបាល ការពារព្រំដែនគោក ។
ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ ដែលមានទីតាំងស្ថិតនៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

កិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ លើកម្លាំងជួរមុខ នៅក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានពាំនាំនូវការសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរយ៉ាងស្មោះស្ម័គ្រ ពីសំណាក់ថ្នាក់ដឹកនាំជាតិ ចំពោះកងកម្លាំងនគរបាលការពារព្រំដែនគោកទាំងអស់ ដែលកំពុងបំពេញភារកិច្ចដោយុវីរភាព និងការលះបង់ខ្ពស់បំផុត ។ កងកម្លាំងទាំងនោះ រួមមានកងកម្លាំងប្រចាំទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលកំពុងឈរជើងយ៉ាងមុតមាំនៅតាមសមរភូមិជួរមុខបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីការពារបូរណភាពទឹកដី សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពតាមបន្ទាត់ព្រំដែន ដែលជាកត្តាគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គមជាតិ។ ឯកឧត្តមក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ឱ្យបន្តរក្សាភាពម៉ឺងម៉ាត់ វិន័យ សីលធម៌ និងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ និងថែរក្សាមិត្តភាព សហប្រតិបត្តិការល្អនៅតាមព្រំដែន ។

អំណោយឧបត្ថម្ភ និងការគាំទ្រផ្នែកភស្តុភារ
ជាការឆ្លើយតបទៅនឹងការលំបាក និងការខិតខំប្រឹងប្រែងរបស់កងកម្លាំងក្នុងបំពេញភារកិច្ចការពារជាតិ ក្នុងពិធីនោះក៏មានការ ឧបត្ថម្ភនូវ៖
ថវិកា សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់កងកម្លាំង។
ស្បៀងអាហារ រួមមាន អង្គរ មីជាតិ ត្រីខ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ។
សម្ភារបរិក្ខារ បម្រើឱ្យការងារយាមកាម និងបំពេញភារកិច្ចប្រចាំថ្ងៃតាមបន្ទាត់ព្រំដែន ។
ការចុះសួរសុខទុក្ខផ្ទាល់ដល់ទីតាំងឈរជើង របស់កងកម្លាំងជួរមុខនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ពីសំណាក់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការគាំទ្រទាំងស្មារតី និងសម្ភារដល់អ្នកយាមកាមការពារទឹកដី ដែលជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រទេសជាតិ ។
ពិធីសំណេះសំណាលនេះបានបញ្ចប់ទៅ ក្រោមបរិយាកាសស្និទ្ធស្នាល ៣ និងស្មារតីសាមគ្គីភាពយ៉ាងមុតមាំរវាងថ្នាក់ដឹកនាំ និងកងកម្លាំងការពារព្រំដែន៕ ដោយ សួន ពិសិត ដើមអម្ពិល

To Top