ព័ត៌មានអន្តរជាតិ

យោធារុស្ស៊ី បើកការវាយប្រហារ ទ្រង់ទ្រាយធំនៅទូទាំងប្រទេសអ៊ុយក្រែន ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ, ដ្រូន និងមីស៊ីលជាច្រើនប្រភេទ

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ ទៅលើគោលដៅនានានៅក្នុងតំបន់ជាច្រើនរបស់អ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ក្រសួងនេះបានបញ្ជាក់ថា ប្រតិបត្តិការដែលបានធ្វើឡើងកាលពីយប់នោះ រួមមានការប្រើប្រាស់យន្តហោះដ្រូន និងមីស៊ីលជាច្រើនប្រភេទ ដើម្បីវាយប្រហារលើទីតាំងផលិតកម្មយោធារបស់អ៊ុយក្រែន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពល ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងរបស់ទីក្រុងគៀវ។

យោងតាមក្រសួងដដែល ការវាយប្រហារទាំងនោះបានកំណត់គោលដៅលើទីតាំងនានានៅក្នុងទីក្រុងគៀវ និងទីក្រុង Zaporozhye (ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន) នៅក្នុងតំបន់ Zaporozhye ព្រមទាំងតំបន់ Cherkassy និង Dnepropetrovsk ផងដែរ។

ចំណែកលោក Vitaly Klitschko អភិបាលក្រុងគៀវ បានរាយការណ៍ថា ស្ពានធំៗយ៉ាងហោចណាស់ចំនួនពីរនៅក្នុងរដ្ឋធានីរបស់អ៊ុយក្រែន ត្រូវបានវាយប្រហារកាលពីយប់ ខណៈដែលការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់មួយចំនួន។ មន្ត្រីនៅក្នុងទីក្រុង Zaporozhye និង Dnepr ក៏បានបញ្ជាក់ផងដែរអំពីការខូចខាតដែលបណ្តាលមកពីការវាយប្រហាររបស់រុស្ស៊ី។
ប្រែសម្រួលៈ តុលា

To Top