ទីក្រុងតូក្យូដាក់ការតវ៉ា បន្ទាប់ពីយន្តហោះ ដែលសង្ស័យជារបស់រុស្ស៊ី ២ គ្រឿង បានហោះរំលោភចូលដែនអាកាសជប៉ុន នៅតំបន់ភាគនិរតីនៃប្រទេសជប៉ុន
បរទេស៖ ប្រទេសជប៉ុនបានឱ្យដឹងថា ខ្លួនបានដាក់ពាក្យតវ៉ាទៅកាន់ទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ បន្ទាប់ពីយន្តហោះដែលសង្ស័យថា ជាយន្តហោះរបស់រុស្ស៊ីចំនួន ២ គ្រឿង បានចូលទៅក្នុងដែនអាកាសរបស់ជប៉ុន នៅឯតំបន់ឆ្នេរសមុទ្រភាគនិរតី។ ហេតុការណ៍ចុងក្រោយនេះ បានធ្វើឱ្យភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ កាន់តែកើនឡើងខ្លាំងថែមទៀត។
យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi បានប្រាប់អ្នកសារព័ត៌មានថា យន្តហោះដែលសង្ស័យថា ជារបស់រុស្ស៊ីទាំងនោះ បានហោះរំលោភចូលដែនអាកាសជប៉ុនរយៈពេលប្រហែល ៥ នាទី កាលពីព្រឹកថ្ងៃអង្គារ នៅជិតទីក្រុង Fukuoka។ រយៈពេលនេះគឺយូរល្មមដែលធ្វើឱ្យជប៉ុនត្រូវបញ្ចេញយន្តហោះចម្បាំងជាបន្ទាន់ និងធ្វើការព្រមាន។
លោក Koizumi បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានដាក់ចេញនូវ «ការតវ៉ាយ៉ាងម៉ឺងម៉ាត់បំផុត» និងបានទាមទារ «យ៉ាងខ្លាំង» ឱ្យមានការចាត់វិធានការបង្ការ។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់លម្អិតថា តើជាយន្តហោះប្រភេទអ្វីនោះទេ។
លោក Koizumi បានថ្លែងថា «ការរំលោភ ដែនអាកាសជប៉ុនដោយយន្តហោះរុស្ស៊ី មិនត្រឹមតែជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាពរបស់ប្រទេសយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគំរាមកំហែងដល់សុវត្ថិភាពរបស់យើងទៀតផង។ នេះជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត»។
លោក Koizumi បានបន្ថែមថា យន្តហោះរុស្ស៊ីទាំងនោះបានហោះកាត់ច្រកសមុទ្រ Tsushima បន្ទាប់មកបានបន្តដំណើរទៅទិសខាងត្បូង និងហោះពីលើដែនទឹកចន្លោះកោះតៃវ៉ាន់ និងកោះ Yonaguni ដែលជាកោះស្ថិតនៅភាគខាងលិចបំផុតរបស់ប្រទេសជប៉ុន។
