ព័ត៌មានជាតិ

មន្ត្រីជំនាញ ចុះពិនិត្យសិប្បកម្ម សរសៃគុយទាវ ខេត្តស្វាយរៀង រកឃើញសារធាតុគីមី ដាក់ក្នុងសសៃគុយទាវ ២៥០kg ដកហូតដុតកម្ទេចចោល

ស្វាយរៀង ៖ ក្រោយពីមន្ត្រី សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀង បានរកឃើញសារធាតុគីមី ដាក់គុយទាវសរសៃធំ៥គីឡូក្រាម និងទំនិញគុណភាព មួយចំនួន នៅក្នុងផ្សារប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០រួចមក នៅរសៀលថ្ងៃដដែល មន្ត្រីជំនាញបានធ្វើការស្នើរសុំ ព្រះរាជអាជ្ញាសាលាដំបូង ខេត្តស្វាយរៀង និងអាជ្ញាធរដែនដី ដើម្បីសហការចុះត្រួតពិនិត្យ ទីតាំងសិប្បកម្មសរសៃគុយទាវ ខេត្តស្វាយរៀង ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

ការចុះទៅត្រួតពិនិត្យកន្លែង សិប្បកម្មសសៃគុយទាវ ខេត្តស្វាយរៀង មានការចូលរួមពីលោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញាខេត្តស្វាយរៀង លោកផឹង និល ប្រធានសាខា ប្រធានមន្ទីរ ពាណិជ្ជកម្មខេត្ត លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង និងមន្ត្រីសាខាសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្ត ជាច្រើនរូបផងដែរ។

លោកផឹង និល ប្រធានសាខា ក.ប.បខេត្ត បានឲ្យដឹងថា បន្ទាប់ពីរកឃើញសារធាតុគីមី ដាក់ក្នុងសរសៃគុយទាវ នៅផ្សារប្រសូត្រ ស្រុកស្វាយទាបរួចមកមន្ត្រីជំនាញយើង បានតាមរកប្រភពផលិត ទើបដឹងថានៅសិប្បកម្មសរសៃគុយទាវ ខេត្តស្វាយរៀង ដែលមានម្ចាស់ឈ្មោះ នង សុវណ្ណារិទ្ធ ជាម្ចាស់ទីតាំងស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក៏ស្នើរសុំព្រះអាជ្ញាសាលាដំបូងខេត្ត សហការចុះពិនិត្យតែម្តង ។

លោកបានបន្តថា ដោយមានការពិនិត្យ និងធ្វើតេស្ត យ៉ាងយកចិត្តទុកបានរកឃើញសរសៃគុយទាវ មានសារធាតុគីមី (borax) ចំនួន២៥០kg នៅក្នុងទីតាំងសិប្បកម្មសរសៃគុយទាវ ខេត្តស្វាយរៀង ដែលសរុបទាំងទំនិញខូចគុណភាពផងដែរនោះ គឺមានចំនួន៤៥០kg ត្រូវមន្ត្រីជំនាញ ធ្វើការដុតកម្ទេចចោល ចំណែកម្ចាស់ សិប្បកម្មផលិតសសៃគុយទាវ មន្ត្រីជំនាញបានធ្វើកិច្ចសន្យាណែនាំ កុំឲ្យផលិតសរសៃគុយទាវ ដាក់សារធាតុគីមី (borax) តទៅទៀត ដែលនាំឲ្យប៉ះពាល់ដល់សុខមាលភាព ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ហើយបើព្រមរាងចាលទេ និងបិទសិប្បកម្មផលិតសរសៃគុយទាវ ចោលតែម្តង ។

លោកផឹង និល បន្តថា រាល់សិប្បកម្មខ្នាតតូច ដែលប្រជាពលរដ្ឋ បង្កើតឡើង មន្ត្រីជំនាញគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម តែត្រូវអនុវត្តន៍ ទៅតាមច្បាប់ ដែលបានកំណត់ និងផលិតទៅតាមបច្ចេកទេស ត្រឹមត្រូវ ដោយមិនត្រូវដាក់សារធាតុគីមីហាមឃាត់នោះទេ ហើយមន្ត្រីជំនាញនឹងបន្តចុះពិនិត្យមុខ ទំនិញនៅតាមផ្សារនានា ក្នុងខេត្តឲ្យបានញឹកញាប់ជាបន្តបន្ទាប់ទៀត ដើម្បីធានាបានសុវត្ថិភាព មុខទំនិញជូនពលរដ្ឋផងដែរ៕

To Top