ព័ត៌មានជាតិ

ទោះបីប្រព័ន្ធ គ្រប់គ្រងរដ្ឋបាល ថ្នាក់ក្រោមជាតិ ជួបបញ្ហាខ្លះក៏ស្ថាប័ន ពាក់ព័ន្ធជំរុញដំណើរនេះឲ្យ ទទួលបានសមិទ្ធផលល្អ

ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ទោះបី ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ថ្នាក់ក្រោមជាតិ និងការផ្ទេរ សិទ្ធិអំណាចមុខងារ មានបញ្ហាមួយចំនួន ប៉ុន្តែស្ថាប័នពាក់ព័ន្ធនានាពុះពារគ្រប់ឧបសគ្គ ដើម្បីជំរុញឲ្យកិច្ចដំណើរការ នៃកំណែទម្រង់ នេះសម្រេចបាននូវ សមិទ្ធផលធំៗ គួរឲ្យកត់សម្គាល់ផងដែរ។

ក្នុងវគ្គបណ្ដុះបណ្ដាល វគ្គភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០លោក សក់ សេដ្ឋា បានថ្លែងថា ឆ្នាំ២០២០នេះ ជាឆ្នាំចុង ក្រោយនៃការអនុវត្ត កម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដោយក្នុងរយៈពេលនេះ រដ្ឋាភិបាលបានដំណើរការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលប្រព្រឹត្តទៅប្រកបដោយភាពរលូន សេរីត្រឹមត្រូវ និងយុត្តិធម៌។

លោកថា «ទោះបីជាការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្ទេរសិទ្ធិ អំណាច មុខងារ និងធនធានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិមានបញ្ហាមួយចំនួន ប៉ុន្តែស្ថាប័ន ពាក់ព័ន្ធនានាបានខិតខំសហការគ្នា និងពុះពារគ្រប់ឧបសគ្គ ដើម្បីជំរុញឲ្យកិច្ចដំណើរការ នៃកំណែទម្រង់ដ៏មានសារៈសំខាន់នេះ សម្រេចបាននូវសមិទ្ធផលធំៗគួរឲ្យ កត់សម្គាល់ ផងដែរ»។

លោកបន្ដថា ក៏បានលើកឡើងថា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល មកដល់បច្ចុប្បន្ននេះ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ នៅគ្រប់ កម្រិតនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយសិក្ខាកាមដែលជាថ្នាក់ដឹកនាំ ចូលរួមក្នុងវគ្គ បណ្ដុះ បណ្ដាលនេះ នឹងក្លាយជាអ្នកទទួលខុសត្រូវដោយ ផ្ទាល់ក្នុងការអនុវត្តកំណែទម្រង់នេះ នៅមូលដ្ឋាន ក្រុង ស្រុក ខណ្ឌរបស់ខ្លួន។

សូមជម្រាបជូនថា ការរៀបចំវគ្គភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌនេះគឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ហើយវគ្គបណ្ដុះ បណ្ដាលនេះមានរយៈពេលចំនួន១០ថ្ងៃ គឺចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០៕

To Top