អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេសតួកគី បានឲ្យដឹងថា កាលពីថ្ងៃពុធ បានរកឃើញទូកដែលដឹកជនអន្តោប្រវេសន៍ខុសច្បាប់ ដែលបានលិចនៅតំបន់ Lake Van ស្ថិតនៅភាគខាងកើតប្រទេសតួកគី ។
ទីតាំងនៃទូកដែលបានលិច “ស្របពេលដឹកជនអន្តោប្រវេសន៍ខុសច្បាប់” នៅ Lake Van ត្រូវបានកំណត់ដឹងដោយក្រុមរុករកដែនទឹក និងក្រុមនាវាជួយសង្គ្រោះ ដែលបានចូលរួមក្នុងបេសកកម្មរុករក និងជួយសង្គ្រោះ ។
ក្រសួងការពារជាតិរបស់ប្រទេសតួកគី បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទូកនោះត្រូវបានរកឃើញនៅក្នុងជម្រៅ១០៦.៥ម៉ែត្រ នៅក្រោមផ្ទៃទឹក ។
នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងបានបន្តដើម្បីស្វែងរកទូកលិច និងសាកសពដែលអាចនៅខាងក្នុងទូកនោះ ។ អភិបាលក្រុង Van បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន ។
ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលរដ្ឋ និងឯកជន Anadolu Agency បានរាយការណ៍ថា ទូកបានលិចបាត់នៅក្នុងបឹងនៅជិតព្រំដែនជាមួយនឹងប្រទេសអ៊ីរ៉ង់ កាលពីចុងខែមុន ។ ការស្រាវជ្រាវ បានធ្វើឡើងអស់រយៈពេល១០ថ្ងៃ ទាំងការរុករកតាមផ្លូវអាកាស និងសមុទ្រ ។
មនុស្សចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន ដោយរងការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា