ព័ត៌មានជាតិ

ប.ស.ស. បើកកិច្ចប្រជុំ ប្រចាំខែ ដំបូងរបស់ខ្លួន តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចប្រជុំប្រចាំខែ ស្តីពីបច្ចុប្បន្នភាពការងារ ជំនាញទាក់ទងនឹងរបបសន្តិសុខសង្គម ដល់លោក លោកស្រីជាប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស តាមបណ្តាសាខា ទូទាំងរាជធានី/ខេត្ត-ខណ្ឌ តាមប្រព័ន្ធអនឡាញ (Video Conference) នាព្រឹកមិញនេះ បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក បេឡាជាតិសន្តិសុខសង្គម ដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងាររបស់ខ្លួន លទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់។

បច្ចុប្បន្ននេះ ស្ថានភាពនៃការឆ្លងនៃវីរុស COVID-19 នៅតែអូសបន្លាយ ដែលបង្កឱ្យមានផលប៉ះពាល់ ទៅដល់សេដ្ឋកិច្ចពិភពលោក យ៉ាងធ្ងន់ធ្ងរ ក្នុងនោះប្រទេសកម្ពុជាយើង ក៏បានរងផលប៉ះពាល់ផងដែរ  ជាមួយគ្នា លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា៖ បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូន កម្មករ និយោជិត ដែលជាសមាជិក ប.ស.ស. ត្រូវបានយកចិត្តទុកដាក់ យ៉ាងខ្ពស់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការរដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាបាននិរន្តភាពការងារ ក្នុងសម័យ COVID-19  ដែលបានដាក់ចេញ នូវផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុសារធាណៈ ចំនួន ៤ចំណុច រួមមាន ៖
ទី១៖ ការប្រយុទ្ធប្រឆាំងជំងឺ COVID-19
ទី២៖ ការរក្សាលំនឹងជីវិភាព ប្រជាជនក្នុងកម្រិត អាបរបមា
ទី៣៖ ការខិតខំជួយ អោយអស់លិទ្ធភាព ដើម្បីបន្តនិរន្តភាពអាជីវកម្ម និង
ទី៤៖ រក្សាសន្តិសុខ សណ្តាប់ធា្លប់សាធារណៈ និងស្ថិរកភាពសង្គម ។

លោកប្រតិភូរាជរដ្ឋាភិបាល បានជម្រុញបន្ថែម ទៅដល់លោក លោកស្រីដែលជា ប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស. គ្រប់ការិយាល័យ និងគ្រប់សាខាទាំងអស់ ធ្វើយ៉ាងណា ពន្លឿនក្នុងការផ្តល់ប្រាក់ បំណាច់ប្រចាំថ្ងៃ ពិសេសគឺប្រាក់ ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូន ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងផ្តល់ការ សម្របសម្រួលឱ្យបានទាន់ពេលវេលា ចំពោះបងប្អូន ដែលជាសមាជិក ទៅទទួលសេវានៅតាមមូលដ្ឋាន សុខាភិបាល ដែលជាដៃគូ ប.ស.ស.។

ម្យ៉ាងវិញទៀត គ្រប់ការិយាល័យ ប.ស.ស. ទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់ នៃការឆ្លងនៃវីរុស COVID-19 នេះទៅតាមការណែនាំនរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំខែខាងលើ ត្រូវបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០ នៅសាលប្រជុំស្នាក់ការកណ្តាលនៃ ប.ស.ស. ក្នុងរាជធានីភ្នំពេញ តាមរយៈវីដេអូ Conference (កម្មវិធី ZOOM) ៕

To Top