អត្ថបទ

ទ្រូម៉ាន់នី សហការជាមួយ អគ្គិសនីកម្ពុជា និងរដ្ឋាករស្វយ័ត​ គ្រប់គ្រងសំរាម និងសំណល់រឹង ផ្ដល់សេវាទូទាត់ វិក្កយបត្រ ជូនពលរដ្ឋប្រើប្រាស់

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ធំមួយនៅកម្ពុជា បានសហការជាមួយ អគ្គិសនីកម្ពុជា (EDC) និងរដ្ឋាករស្វយ័ត គ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ដើម្បីជួយឱ្យប្រជាពលរដ្ឋ អាចទូទាត់វិក្កយបត្រភ្លើង និងសំរាម សម្រាប់ប្រជាជនក្នុង រាជធានីភ្នំពេញ និងខេត្តកណ្តាល បានកាន់តែងាយស្រួល តាមរយៈទ្រូម៉ាន់នី។

ការសហការនេះ កើតចេញពីផែនការ ពង្រីកសេវាកម្មថ្មីៗបន្ថែម ក្នុងគោលដៅ ផ្ដល់ជូនសេវាកម្ម ឱ្យបានកាន់តែទូលំទូលាយ ជូនដល់អតិថិជន ក្នុងប្រទេសកម្ពុជា។

ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនដ៏ធំ ជាងគេបង្អស់មួយ ក្នុងប្រទេសថៃ គឺ Charoen Pokphand Group (CP) បានចាប់បើកដំណើរការ សេវាទូទាត់វិក្កយបត្រ ជាមួយ អគ្គិសនីកម្ពុជា និង រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និង សំណល់រឹង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែកក្កដាតទៅ តាមរយៈកម្មវិធីទូទាត់ប្រាក់ តាមទូរស័ព្ទចល័ត TrueMoney Wallet ឬភ្នាក់ងារទ្រូម៉ាន់នី ដែលមានទូទាំង ប្រទេសកម្ពុជា។ អតិថិជនរបស់ ទ្រូម៉ាន់នី នឹងអាចបង់ថ្លៃ សេវាអគ្គិសនី និងសេវាប្រមូលសំរាម សំណង់រឹង ជាមួយភ្នាក់ងារ ទ្រូម៉ាន់នី ទាំងអស់ ឫតាមរយៈកម្មវិធី ទូទាត់ប្រាក់តាមទូរស័ព្ទចល័ត TrueMoney Wallet បានផងដែរ ដែលមានភាពងាយស្រួល ចំណេញពេលវេលា បានយ៉ាងច្រើន។

ដើម្បីជាការអបអរសាទរ ដល់ការបើកដំណើរការ សេវាកម្មថ្មីនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងផ្តល់ជូនប្រូម៉ូសិនពិសេស គឺការបង់វិក្កយបត្រភ្លើង និងសំរាមនេះ ដោយឥតគិតថ្លៃសេវា រយៈពេល ៣ខែ សម្រាប់អតិថិជនទាំងអស់ ចាប់ពីថ្ងៃទី២០ កក្កដា រហូតដល់ ថ្ងៃទី៣១ តុលា ឆ្នាំ២០២០ ។

លោកស្រី ឃួន ហ្រ្វង់ដារា ប្រធាននាយក យុទ្ធសាស្រ្ត ក្រុមហ៊ុន TrueMoney Cambodia បានមានប្រសាសន៍ថា៖ «សម្រាប់ប្រជាពលរដ្ឋកម្ពុជាយើង ក្រុមហ៊ុន ទ្រូម៉ាន់នី តែងតែជាចំណែក ដ៏សំខាន់មួយ នៅក្នុងជីវិតរស់នៅ ប្រចាំរបស់ពួកគាត់។ ហើយនៅពេលនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងរួមចំណែកកាន់តែសំខាន់ នៅក្នុងជីវិតរបស់ពួកគាត់ ដោយសារតែយើងផ្ដល់ជូន ពួកគាត់នូវសេវាកម្ម ទូទាត់វិក្កយបត្រភ្លើង និងសំរាមនេះ។”

លោកស្រី ដារា បានបន្ថែមទៀតថា៖ «តាមរយៈភ្នាក់ងារទូទាំងប្រទេស និង កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទចល័ត ដែលងាយស្រួលប្រើប្រាស់នេះ ទ្រូម៉ាន់នី មានគោលបំណងចង់ជួយសម្រួលឱ្យអតិថិជន អាចប្រើប្រាស់សេវាកម្ម សំខាន់ៗទាំងនេះ ឱ្យបានកាន់តែងាយស្រួលបំផុត។»

បើគិតចាប់ពីឆ្នាំ២០១៦មក ពោលគឺនៅពេលដែលក្រុមហ៊ុន ទ្រូម៉ាន់នី ចាប់បើកដំណើរការដំបូងក្នុងប្រទេសកម្ពុជា ទ្រូម៉ាន់នី បានបង្កើតបណ្ដាញភ្នាក់ងារ ផ្ដល់សេវាបច្ចេកវិទ្យា ហិរញ្ញវត្ថុច្រើនជាងគេបង្អស់ នៅកម្ពុជា។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានឲ្យដឹងថាក្រុមហ៊ុន មានភ្នាក់ងាររហូត ដល់ទៅជាង ១ម៉ឺនទីតាំង សម្រាប់ផ្ដល់សេវា ជូនអតិថិជន។

លោកស្រី ដារា បានបន្ថែមទៀតថា៖ «មិនខុសពីសេវាកម្ម និងផលិតផលថ្មីៗ ដែលយើងបានផ្ដល់ជូនទៅកាន់ទីផ្សារ នាពេលកន្លងមកប៉ុន្មានទេ សេវាទូទាត់វិក្កយបត្រភ្លើង និងសំរាមនេះ នឹងជួយឲ្យ ទ្រូម៉ាន់នី អាចផ្ដល់ជូន អតិថិជនចាស់និងអតិថិជនថ្មី នូវសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ លំដាប់ពិភពលោក ដ៏ទំនើប និងមានសុវត្ថិភាពខ្ពស់ របស់យើង។»

ក្នុងនាមជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ទ្រូម៉ាន់នី ក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់ក្រុមហ៊ុន ទ្រូម៉ាន់នី នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មានសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូ៉ន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រង របស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការ របស់ក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។

ក្រៅពីសេវាទូទាត់ វិក្កយបត្រភ្លើង និងសំរាមនេះទៅ ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏គ្រោងបើកដំណើរការ សេវាកម្មថ្មីៗ ជាច្រើនទៀត ជូនអតិថិជន បានប្រើប្រាស់ផងដែរ នាពេល ឆាប់ៗខាងមុខនេះ៕

To Top