ព័ត៌មានជាតិ

រដ្ឋមន្ដ្រីយុត្តិធម៌ ក្រើនរំលឹកមន្ដ្រីអនុវត្តច្បាប់ ប្រកាន់ខ្ជាប់ភាពម៉ឺងម៉ាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យមាន ប្រសិទ្ធភាព

ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀន បានក្រើនរំលឹកដល់មន្រ្តីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់ភាពម៉ឺងម៉ាត់ ប្រកបដោយ ស្មារតីទទួលខុសត្រូវ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿង ញៀន ឲ្យមានប្រសិទ្ធភាពថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបាន រាជរដ្ឋាភិបាលប្រកាសដាក់ចេញជាលើកដំបូង នៅឆ្នាំ២០១៧ និងត្រូវបានអនុវត្តប្រកបដោយលទ្ធផលជោគជ័យ និងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋាន ហើយមកដល់បច្ចុប្បន្ន យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់បានចំនួន៥លើក។

ជាលទ្ធផល មានបទល្មើសគ្រឿងញៀន សរុបប្រមាណ ៣១.៧៧១ ករណីត្រូវបានបង្រ្កាប។ ក្នុងនោះ ជនសង្ស័យជាង ៦៦.០១២ នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងគ្រឿងញៀនគ្រប់ប្រភេទ សរុបជាង ១.៨៦៨ គីទ្បូក្រាម ត្រូវបានរឹបអូស។

ក្នុងពិធីដុតបំផ្លាញគ្រឿងញៀន នៅខេត្តព្រះសីហនុ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លោក កើត រិទ្ធ មានប្រសាសន៍ថា «ខ្ញុំសូមក្រើនរំលឹកដល់មន្រ្តីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យប្រកាន់ខ្ជាប់នូវ ភាព ម៉ឺងម៉ាត់ និងប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបន្តអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីភាព សុខដុមរមនារបស់ប្រជាពលរដ្ឋ និងដើម្បីជាឧត្តមប្រយោជន៍ ដល់សង្គមជាតិយើងទាំងមូល»។

លោករំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសបញ្ជាក់ថា អ្នកញៀនគ្រឿង ញៀន ដែលជាជនរងគ្រោះពិតប្រាកដ ត្រូវបាន យកចិត្តទុកដាក់ដោះស្រាយ ជួយសង្គ្រោះឲ្យបាន សមស្រប ប៉ុន្តែឧក្រិដ្ឋជន និងជនលើ្មសពាក់ព័ន្ធការផលិត ការកែច្នៃ ការរក្សាទុក ការជួញដូរ និងការចរាចរគ្រឿងញៀន គឺត្រូវតែបានផ្តទ្ទាទោស យ៉ាងតឹងរ៉ឹងទៅតាមនីតិវិធី។

សូមរំលឹកថា គ្រឿងញៀន ដែលបានដុតបំផ្លាញចោល ក្នុងពិធីនេះ មានចំនួន ៥១,៨១ គីឡូក្រាម ក្នុងនោះរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ២៣,៣៥៥.៣ ក្រាម , ប្រភេទមេតំហ្វេតាមីន (WY) ជាគ្រាប់ចំនួន ១,២០៩គ្រាប់ និងជាម្សៅសុទ្ធទម្ងន់ ២៧,៥២២.៥៤ក្រាម, ប្រភេទកេតាមីនចំរុះ ទម្ងន់ ៦៤៧.៦៣ក្រាម ,ប្រភេទអ៊ិចស្តាស៊ីល ទម្ងន់ ១៨៥.១១ក្រាម និងគ្រឿងញៀន ជាច្រើនប្រភេទទៀត ដែលបានមកពីការបង្រ្កាប ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនរយៈពេលពេញមួយឆ្នាំ ក្នុងភូមិ សាស្ត្រខេត្តចំនួន៤ គឺ ខេត្តព្រះសីហនុ ,កោះកុង ,កំពត និងខេត្តកែប៕ ដោយ៖ អេង ប៊ូឆេង

To Top