ព័ត៌មានជាតិ

វិភាគ: ចិនវ៉ៃអាមេរិក មួយដៃវិញ ទុកជាការសងសឹក

 បច្ចុប្បន្នភាព

នៅរសៀលថ្ងៃសុក្រ ទី២៤ ខែកក្កដានេះ ប្រទេសចិន បានវាយសហរដ្ឋអាមេរិក មួយដៃវិញយ៉ាងដំណំទុកជាការសងសឹក ដោយបញ្ជាអោយបិទទ្វារស្ថាន កុងស៊ុលរបស់អាមេរិកនៅលើទឹកដីចិនយ៉ាងតក់ក្រហល់ នៅទីក្រុងChengdu នៃខេត្ត Sichuan ប្រទេសចិន និងមិនអោយមន្ត្រីស្ថានកុងស៊ុល នេះធ្វើសកម្មភាពអ្វីមួយ នោះទេ ។

ការសងសឹកនេះ ត្រូវបានធ្វើឡើងក្រោយពីសហរដ្ឋអាមេរិក បានបញ្ជាអោយបិទទ្វារស្ថានកុងស៊ុលរបស់ប្រទេសចិននៅទីក្រុង ហ៊ូស្តុន រដ្ឋតិចសាស សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដាដដែលនេះ ដែលធ្វើអោយចិនក្តៅក្រហាយ យ៉ាងខ្លាំងរហូតដល់សងសឹកវិញដោយមធ្យោបាយ ប្រហាក់ប្រហែលគ្នា ។

រដ្ឋាភិបាលអាមេរិក បានវាយរដ្ឋាភិបាលចិនមុនមួយដៃ តាមរយៈការដាក់បទបញ្ជាអោយបិទទ្វារស្ថានកុងស៊ុលចិន នៅលើទឹកដីរបស់ខ្លួន ដោយមិនបានបង្ហាញហេតុផលច្បាស់លា ស់ ហើយរដ្ឋាភិបាលចិន ក៏បានវាយរដ្ឋាភិបាលអាមេរិកមួយដៃវិញ ដោយបញ្ជាអោយបិទទ្វារស្ថានកុងស៊ុល នៅលើទឹកដីរបស់ខ្លួន ដោយមិនបង្ហាញហេតុផលច្បាស់លាស់ដូចគ្នា ។

ដែលថា អាមេរិវាយចិនមួយដៃយ៉ាងដំណំនោះ គឺរដ្ឋាភិបាលអាមេរិកបានប្រាប់ទៅភាគីចិន កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដានេះ អោយបិទទ្វារស្ថានកុងស៊ុល របស់ខ្លួនប្រចាំនៅទីក្រុង ហូស្តុន រដ្ឋតិចសាស សហរដ្ឋអាមេរិកជាបន្ទាន់ក្នុងរយៈពេល៣ថ្ងៃ ។

អាមេរិកទុកពេលតែ៣ថ្ងៃអោយស្ថានកុងស៊ុលចិនបិទទ្វារជាបន្ទាន់នេះ គឺជាបទបញ្ជាអោយបិទទ្វារស្ថានកុងស៊ុលយ៉ាងតក់ក្រហល់បំផុត ដែលធ្វើអោយភាគីចិនច្រឡោតខឹងយ៉ាងខ្លាំង ដោយចោទប្រកាន់សហរដ្ឋអាមេរិកពីបទបង្ករឿងជាមួយចិនទាំងងងើល ។

ប្រតិកម្មតបទៅនឹងការបង្ខំអោយបិទស្ថាន កុងស៊ុលចិននៅអាមេរិកនេះដែរ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន បានចោទប្រកាន់មេដឹកនាំរបស់សហរដ្ឋអាមេរិកពីបទព្យាយាម បង្ករឿងជាមួយប្រទេសចិនដោយមិនមានហេតុផល ។

ក្រោយពីសន្និសីទសារព័ត៌មាន លោក Wang Wenbin បានផ្ញើលិខិតទៅកាន់និស្សិតជនជាតិចិនទាំងអស់នៅ សហរដ្ឋអាមេរិក អោយបង្កើនការប្រុងប្រយ័ត្នពីការចាប់ខ្លួនពីកងម្លាំងរដ្ឋាភិបាលអាមេរិកយក ទៅសួរចម្លើយ ដែលអាចអាមេរិកកំពុងស៊ើបអង្កេតរឿងអ្វីមួយ ពាក់ព័ន្ធទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

ការសងសឹកគ្នាទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ពិភពលោកលេខ១ និងលេខ២ និងជាប្រទេសមហាអំណាចនុយក្លេអ៊ែរដូចគ្នានេះ មិនមែនជាលើដំបូងទេ គឺមហាអំណាចទាំងពីរនេះ បានសងសឹកគ្នាទៅវិញទៅមកជាច្រើនលើកច្រើនសាហើយ ចាប់តាំងពីឆ្នាំ២០១៧កន្លងមក ។

ចាប់តាំងពីឆ្នាំ២០១៧រហូតមក ប្រទេសមហាអំណាចទាំងពីរនេះ បានសងសឹកគ្នាទៅវិញទៅមកច្រើនលើកច្រើនសាក្នុងសង្គ្រាមពាណិជ្ជកម្ម​ ដោយការដំឡើងតម្លៃពន្ធនាំចូលផ្នែកពាណិជ្ជកម្ម ដែលជាឧទាហរណ៍ កាលពីខែឧសភាឆ្នាំ២០១៩ អាមេរិក បានដំឡើងពន្ធនាំចូលពីប្រទេសចិនក្នុងអត្រា២៥% ក្នុងតម្លៃទឹកប្រាក់៣០០ពាន់លានដុល្លា ហើយចិនក៏សងសឹកវិញដោយដំឡើងពន្ធនាំចូលពីអាមេរិកក្នុងអត្រា២៥%ក្នុងតម្លៃទឹកប្រាក់៦០ពាន់លានដុល្លារ ។

ក្នុងអំឡុងពេល និងក្រោយដែលប្រទេសមហាអំណាចទាំងពីរបានសងសឹកគ្នាដោយការដំឡើងតម្លៃពន្ធនាំចូលទៅវិញទៅមក មន្ត្រីជាន់ខ្ពស់របស់ប្រទេសមហាអំណាចទាំងពីរ បានជួបចរចាជាញឹកញាប់ដើម្បីស្វែងរកកិច្ចព្រមពាណិជ្ជកម្មថ្មីមួយទៅតាមការចង់បានរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ប៉ុន្តែរហូតមកដល់ពេលនេះ ភាគីទាំងពីរមិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីតាមការចង់បាននោះទេ ។

ការសងសឹកគ្នាទៅវិញទៅមកក្នុងសង្គ្រាមពាណិជ្ជកម្ម ចាប់តាំងពីឆ្នាំ២០១៧រហូតដល់ឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានដំឡើងពន្ធនាំចូលពីប្រទេសចិនក្នុងតម្លៃទឹកប្រាក់៥៥០ពាន់លានដុល្លារ ស្ទើរតែទឹកប្រាក់ទាំងអស់នៃតម្លៃទំនិញរបស់ប្រទេសចិន​ដែលនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ហើយចិនក៏សងសឹកអាមេរិកវិញ ដោយដំឡើងតម្លៃពន្ធនាំចូលពីអាមេរិកក្នុងទំហំទឹកប្រាក់១៨៥ពាន់លានដុល្លារ ដែលស្ទើរតែតម្លៃទំនិញទាំងអស់របស់សហរដ្ឋអាមេរិកដែលនាំចូលទៅកាន់ទីផ្សាររបស់ប្រទេសចិនដែរ ។      

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយរដ្ឋាភិបាលរបស់ប្រទេសចិន សម្រេចសងសឹករដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកវិញ គឺដោយសារប្រព័ន្ធផ្សព្វផ្សាយ Global Times បានធ្វើការស្ទង់មតិមួយលើប្រជាពលរដ្ឋចិន ពាក់ព័ន្ធនឹងការសងសឹក ដោយការបិទស្ថានកុងស៊ុលអាមេរិកនៅប្រទេសចិននេះ អោយស្មើគ្នានឹងអាមេរិកដែលបិទស្ថានកុងស៊ុលចិន ។

លទ្ធផលនៃការស្ទង់មតិរបស់ Global Times បានបង្ហាញថា ពលរដ្ឋចិន៦៦%ចង់អោយរដ្ឋាភិបាលបិទស្ថានកុងស៊ុលរបស់សហរដ្ឋអាមេរិកនៅទីក្រុងហុងកុង និងនៅទីក្រុងម៉ាកាវ ដែលទីក្រុងទាំងពីរនេះ មានអំពើបះបោរប្រឆាំងមេដឹកនាំរបស់ខ្លួនទៅតាមការញុះញង់របស់សហរដ្ឋអាមេរិក ដោយយកប្រជាធិបតេយ្យ និងសេរីភាពជាលេស ។

ចំណែកលទ្ធផលស្ទង់មតិមួយទៀតបានបង្ហាញថា ពលរដ្ឋចិន១៨%អោយរដ្ឋាភិបាលបិទស្ថានកុងស៊ុលអាមេរិកនៅទីក្រុង ឆឹងទូ (Chengdu) និងទីក្រុង ហ្គ័ងចូវ (Guangzhou) ហើយសម្រេចចុងក្រោយ គឺរដ្ឋាភិបាលចិនបានសម្រេចបិទទ្វារស្ថានកុងស៊ុលអាមេរិកនៅទីក្រុង ឆឹងទូ ជាការសងសឹកអាមេរិកវិញ ។

សន្និដ្ឋាន៖ តើអាមេរិកអាចនឹងសងសឹកចិនបន្តទៀតទេ?

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ បានសន្និដ្ឋានថា អាមេរិកអាចនឹងសងសឹកចិនបន្តទៀតនៅពេលខាងមុខ ដោយសារតែការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាចទាំងពីរចេះតែតានតឹង និងមានរឿងកាន់តែច្រើនថែមទៀត ប៉ុន្តែការសងសឹកបកទៅចិនវិញពីអាមេរិកនេះ ទំនងជាមធ្យោបាយផ្សេងពីនេះ ។

ផលប៉ះពាល់

ការសងសឹកគ្នាទៅវិញទៅមករវាងប្រទេសមហាអំណាចទាំងពីរនេះ បានធ្វើអោយប៉ះពាល់ខ្លាំងណាស់ដល់ពិភពលោក ជាពិសេសគឺប្រទេសតូចតាច ដោយសារតែប្រទេសទាំងពីរនេះជាមហាអំណាចដូចគ្នា និងមានកម្លាំងសេដ្ឋកិច្ច និងសព្វាវុធខ្លាំងប្រហាក់ប្រហែលគ្នា ៕

To Top