កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើល ស្ថានភាពអាជីវករលក់ដូរ ក្នុងផ្សារបឹងកុក និងផ្សាធំ ក្រុងកំពង់ចាម ។
ក្នុងខណៈក្រុមអាជ្ញាធរខេត្ត ចុះត្រួតពិនិត្យអំពីស្ថានភាព របស់អាជីវករលក់ដូរក្នុងផ្សារបឹងកុក ក៏មានអាជីវករមួយចំនួន បានសំណូមពរសាងសង់ទ្វាររូត ដើម្បីសម្រួល ដល់ការថែរក្សាទំនិញ របស់ខ្លួនប្រចាំថ្ងៃ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏មានក្រុមអាជីវករមួយចំនួនទៀត បានធ្វើការជំទាស់ដោយហេតុថា ការធ្វើទ្វារបិទបាំងនោះ បង្ករឱ្យមានការហប់ខ្យល់ .ក្តៅ នឹងមានស្ថានភាពផ្លូវឆ្លងកាត់ កាន់តែតូចចង្អៀត ពិបាកនៅក្នុងការធ្វើដំណើរ និងប៉ះពាល់ ដល់សុខភាពអ្នកលក់ដូរដូចគ្នា ក្នុងផ្សារបឹងកុកនេះផងដែរ ។
យ៉ាងណាក៏ដោយ ទាក់ទិនទៅនឹងបញ្ហាខាងលើនេះ អាជ្ញាធរខេត្តមិនទាន់ ធ្វើការសម្រេចយ៉ាងណានោះទេ ព្រោះរង់ចាំធ្វើការសិក្សា តាមរយៈមន្ត្រីជំនាញសិន ។
គួរបញ្ជាក់ផងដែរថា ចំពោះផ្សារបឹងកុក អាជ្ញាធរខេត្តកំពង់ចាមមាន គម្រោងសាងសង់ដំបូលសម្រាប់ សម្រួលដល់ក្រុមអាជីវករលក់ដូរ ដែលជាការចំណាយថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម៕