ព័ត៌មានជាតិ

រដ្ឋមន្ដ្រីពាណិជ្ជកម្ម ផ្ដាំផ្ញើឲ្យមន្ដ្រី ចៀសវាងដាច់ខាត ការទាមទារកម្រៃ សេវាក្រៅផ្លូវការ ពីអាជីវករ

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តាំផ្ញើទៅមន្ដ្រីទាំងអស់ ចៀសវាងដាច់ ខាតការទាមទារ កម្រៃសេវាក្រៅផ្លូវការពី ផលិតករ អាជីវករ ដែលផ្ទុយពីខ្លឹមសារ ប្រកាសរួម ស្តីពី កម្រងសេវាសាធារណ: រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ បានស្នើឲ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តខិតខំយកចិត្តទុកដាក់ ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែមការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ ពីមន្ត្រីរាជការនៅក្រសួងពាណិជ្ជកម្ម ។

លោករដ្ឋមន្រ្តី បានណែនាំមន្ត្រី រាជការមន្ទីរពាណិជ្ជកម្ម បន្តធ្វើសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវកម្មវិធីកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ។ ជាពិសេសកំណែទម្រង់ស៊ីជម្រៅ របស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោល នយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម និងសម្រួលដល់ការនាំចេញ ។

លោក មានប្រសាសន៍ថា «ផ្តាំផ្ញើឲ្យចៀសវាងដាច់ខាត ការទាមទារកម្រៃ សេវាក្រៅផ្លូវការ ពីផលិតករ អាជីវករ ដែលផ្ទុយពីខ្លឹមសារប្រកាសរួម ស្តីពីកម្រងសេវាសាធារណ: រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួង បានខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែម ជូនគ្រប់វិស័យដោយប្រឹងប្រែង ចរចាយ៉ាងសកម្មទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេស ក្នុងតំបន់ និងពិភពលោក តាមរយៈកម្មវិធីអនុគ្រោះពាណិជ្ជកម្ម និងការបង្កើតតំបន់ពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌអាស៊ាន និងអាស៊ាន+ដៃគូ ក៏ដូចជាសហប្រតិបត្តិការទ្វេភាគី ជាមួយបណ្តាប្រទេសមួយចំនួនទៀត មានដូចជា សហភាពអឺរ៉ុប អាមេរិក ចិន ជប៉ុន កូរ៉េ ហុងកុង ឥណ្ឌា អូស្រ្តាលី មជ្ឈឹមបូព៌ា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ជាដើម ៕ ដោយ ៖ អេង ប៊ូឆេង

To Top