ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ដាក់ទណ្ឌកម្មអតីតមន្ត្រី វេណេស៊ុយអេឡាពីររូប ពីបទពុករលួយ

បរទេស៖ រដ្ឋបាលលោក ត្រាំ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មអតីតមន្ត្រី នៃប្រទេសវេណេស៊ុយអេឡាពីររូប ដោយចោទប្រកាន់ពួកគេ ពីបទប្រើប្រាស់តួនាទី ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បង្កផលប៉ះពាល់ ដល់ផលប្រយោជន៍ប្រជាជន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសថា លោក Luis Alfredo Motta Dominguez អតីតរដ្ឋមន្ត្រីថាមពលអគ្គិសនី និងបច្ចុប្បន្ន ជាប្រធានក្រុមហ៊ុន សាជីវកម្មថាមពលរដ្ឋ Corpoelec ហើយនិងលោក Eustiquio Jose Lugo Gomez អតីតអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ វិនិយោគនិងសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ សម្រាប់ក្រសួងថាមពលអគ្គិសនី ត្រូវបានហាមឃាត់ រួមជាមួយសមាជិកគ្រួសារ មិនឲ្យចូលសហរដ្ឋអាមេរិក ពីបទពាក់ព័ន្ធ ក្នុងរឿងប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Mike Pompeo បានមានប្រសាសន៍យ៉ាងដូច្នេះថា “ពួកគេត្រូវបានដាក់ទណ្ឌកម្ម ពីបទទទួលយកផលប្រយោជន៍ជាប្រាក់ រួមបញ្ចូលទាំងសំណូក និងប្រាក់សូកប៉ាន់ ដើម្បីឡើងឋានៈ ដើម្បីជាថ្នូរផ្តល់កុងត្រា លើឧបករណ៍ផ្គត់ផ្គង់ មានប្រាក់កម្រៃខ្ពស់ ឲ្យដល់ក្រុមហ៊ុនអគ្គិសនីរដ្ឋ របស់ប្រទេសវេណេស៊ុយអេឡា Corpoelec និងពីបទកេងយកថវិការដ្ឋមិនត្រឹមត្រូវ ដើម្បីភាពមានបានផ្ទាល់ខ្លួន”៕ ប្រែសម្រួល៖ប៉ាង កុង

To Top