ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បន្ដឧបត្ថម្ភប្រាក់ដល់កម្មករ និងពលរដ្ឋក្រីក្រ រយៈពេលខែ២ទៀត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ប្រាក់ ឧបត្ថម្ភដល់កម្មករ-និយោជិត និងប្រជាពលរដ្ឋរយៈពេល ២ខែបន្ថែមទៀត រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ខាងមុខ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងបរិការណ៍នេះ ដោយពិនិត្យលើទិដ្ឋភាពនៃការវិវឌ្ឍ នៃស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គម ទាំងក្នុងក្របខ័ណ្ឌសកលលោក តំបន់ និងក្នុងប្រទេសរាជរ ដ្ឋាភិបាលសម្រេច ដាក់ចេញវិធានការបន្ថែម សម្រាប់ជុំទី៥ ក្នុងគោលបំណងបន្ដជួយសា្ដរ និងជំរុញភាពអាជីវកម្ម-ធុរកិច្ច ឲ្យឡើងវិញដើម្បី ចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយវិបត្តិ នៃជំងឹកូវីដ-១៩ និងបន្ដជួយសម្រាលបន្ទុក ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់។

វិធានការជុំទី៥ ដែលត្រូវបានរៀបចំឡើង ដោយមានការពិគ្រោះយោបល់ ជាមួយគ្រប់អង្គ ពាក់ព័ន្ធរាជរដ្ឋាភិបាល នឹងបន្តផ្ដល់ប្រាក់ឧបត្ថម្ភ ដល់កម្មករ-និយោជិតបម្រើការងារ នៅតាមរោងចក្រ, សហគ្រាស និងអាជីវកម្ម នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ (Formal Sector) ក្នុងវិស័យកាត់ដេរ វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ដែលបានចុះបញ្ជីផ្លូវការត្រឹមត្រូវ ជាមួយក្រសួង ការងារ , ក្រសួងពាណិជ្ជកម្ម, ក្រសួងទេសចរណ៍ និង អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

រាជរដ្ឋាភិបាលនឹង ទី១-ផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារក្នុងមួយខែសម្រាប់កម្មករ-និយោជិត០១ នាក់ ដែលបំពេញការងារ ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល ០២ ខែបន្តទៀត រហូតដល់ដំណាច់ខែ កញ្ញា ឆ្នាំ២០២០ ។ រោងចក្រ-សហគ្រាសក្នុងវិស័យនេះ ត្រូវបន្ថែមចំនួន ៣០ ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត ០១ នាក់ (ជាសរុប កម្មករ-និយោជិត ០១ នាក់ ទទួលបាន ៧០ ដុល្លារអាមេរិក ក្នុងមួយខែ)។

ទី២-ផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក្នុងមួយខែ ជូនកម្មករ-និយោជិត ១ នាក់ ដែលធ្វើការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និង ភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ២ ខែបន្តទៀត រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ ២០២០ ។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាល បានផ្តល់ជូន។

បន្ថែមពីនេះ រាជរដ្ឋាភិបាល នឹងបន្តតាមដានជាប្រចាំ នូវស្ថានភាពនៃជំងឺកូវីដ-១៩, ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌតំបន់ និងសកលលោក ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់ នៃជំងឺកូវីដ-១៩ មកលើវិស័យ សំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងរៀបចំវិធានការបន្ថែមចាំបាច់នានា សំដៅរក្សាលំនឹងសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាត្រៀមខ្លួន ក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩៕ ដោយ៖ អេង ប៊ូឆេង

To Top