កំពង់ចាម៖ នៅក្នុងពិធីដាំដើមឈើ ប្រភេទដើមក្ងោក ប្រមាណជា ៥០០ ដើមនៅជុំវិញប្រាសាទនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ២០២០នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ បំផុសឲ្យប្រជាពលរដ្ឋ ស្រឡាញ់ និងដាំដើមឈើ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងទប់ស្កាត់ការប្រែប្រួល អាកាសធាតុផងដែរ ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា រមណីយដ្ឋានប្រាសាទ នគរបាជ័យ ដែលជារមណីយដ្ឋានមួយ ជាប់នឹងក្រុងកំពង់ចាមនេះ នឹងត្រូវអភិវឌ្ឍជាបន្តបន្ទាប់ រៀបចំកែប្រែឲ្យមានសោភ័ណភាព កាន់តែស្រស់បំព្រង ដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ទស្សនានៅទីនេះឱ្យបានច្រើន ។
លោក បន្តថា ដើមឈើដែលត្រូវដាក់ដាំនៅជុំវិញ ប្រាសាទនគរបាលជ័យ អមសងខាងផ្លូវបេតុង ទើបសាងសង់រួច ប្រវែងជិត ២ ពាន់ម៉ែត្រ គឺជាប្រភេទដើមក្ងោក ប្រភេទឈើលំអរ ដែលមានផ្កាពណ៌លឿង ត្រូវបាននាំចូលពីបរទេស តាមរយៈរដ្ឋមន្ត្រី ក្រសួងបរិស្ថាន លោកសាយ សំអាល់ និងប្រភេទឈើប្រណីតផ្សេងៗទៀត ដែលត្រូវដាក់ដាំនៅក្នុងបរិវេណ ប្រាសាទនគរបាជ័យផងដែរ ដើម្បីកែប្រែតំបន់នេះ ឲ្យក្លាយទៅជា តំបន់ទេសចរណ៍ វប្បធម៌ធម្មជាតិ និងប្រវត្តិសាស្រ្ត ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានរំពឹងទុកថា រមណីយដ្ឋាន ប្រវត្តិសាស្ត្រមួយនេះ បន្ទាប់ពីបានអភិវឌ្ឍ ប្រាកដជាអាចទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្តនិងទស្សនា ច្រើនកុះករមិនខានឡើយ។
ក្នុងនោះដែល លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរួមជាមួយ នឹងអាជ្ញាធរមូលដ្ឋាន សូមជួយថែរក្សាសមិទ្ធផលនេះ ឲ្យបានគង់វង្ស ដើម្បីជាប្រយោជន៍យើងទាំងអស់គ្នា ក្នុងការលើកកម្ពស់ វិស័យទេសចរណ៍ និងអត្ថប្រយោជន៍ ក្នុងការទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ ផងដែរ៕