ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារករណីផ្ទុះ ដ៏កក្រើកចេញពី ឃ្លាំងស្តុកគីមី នៅលីបង់ មានរហូតដល់១០០នាក់ និងរបួសជាង ៤.០០០នាក់

លីបង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា លោក Hamad Hassan រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ ប្រទេសលីបង់ បានប្រកាសឲ្យដឹងកាលពីថ្ងៃពុធថា ការផ្ទុះដ៏កក្រើកនៅក្នុងដ្ឋធានីបេរ៉ាត់ (Beirut) បានបណ្តាលឲ្យស្លាប់មនុស្សតិចបំផុត១០០នាក់ និងជាង៤.០០០នាក់ បានរងរបួស ជាមួយគ្នានេះដែរ មានមនុស្សជាច្រើននាក់កំពុងបាត់ខ្លួន ។

ទន្ទឹមនឹងនេះដែរ កាកបាទក្រហមប្រចាំនៅលីបង់ និងក្រុមការពារជនស៊ីវិល បន្តស្វែងរកអ្នកដែលនៅរស់រានមានជីវិត នៅតាមគំនរបាក់បែក ។

គួររំលឹកថា កាលពីថ្ងៃអង្គារ មានករណីផ្ទុះដ៏កក្រើកចំនួន២លើក នៅក្រុងកំពង់ផែ បេរ៉ាត់ ដោយបានធ្វើឲ្យរញ្ចួយដល់អគារជាច្រើននៅទូទាំងរដ្ឋធានី ទន្ទឹមនឹងនេះដែរ បណ្តាលឲ្យមានអ្នកស្លាប់មនុស្សអស់ច្រើននាក់ និងបង្កការខូចខាត ។

ភាគច្រើននៃហាងលក់ទំនិញនៅក្រុងបេរ៉ាត់ ដែលមានទីតំាងស្ថិតនៅជិតកំពង់ផែ ត្រូវបានបំផ្លាញ ។

តាមព័ត៌មានបឋមបានប្រកាសឲ្យដឹងថា ឃ្លាំងស្តុកអាម៉ូនីញ៉ូម នីត្រាត នៅក្នុងក្រុងកំពង់ផែបេរ៉ាត់ រយៈពេល៦ឆ្នាំ អាចបង្កការផ្ទុះឡើងនៅក្នុងក្រុងបេរ៉ាត់នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top