ព័ត៌មានជាតិ

បណ្ឌិត ហ៊ុន ម៉ាណែត ចាប់អារម្មណ៍ ក្នុងពិធីជួបជុំសំណេះសំណាល ជាមួយនិស្សិត ដែលនឹងត្រូវបន្តការសិក្សា នៅប្រទេសជប៉ុន

ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត ចាប់អារម្មណ៍ ក្នុងពិធីជួបជុំសំណេះសំណាល ជាមួយនិស្សិត ដែលនឹងត្រូវបន្តការសិក្សា នៅប្រទេសជប៉ុន នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។

ចំណុចទី១ សូមចូលរួមអបអរសារទ ជាមួយនិស្សិត ដែលបានជោគជ័យក្នុងការទទួល នូវអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន(JDS) និងអាហារូបករណ៍ របស់ក្រសួងអប់រំជប៉ុន (MEXT) ដែលភាពជោគជ័យនេះ កើតចេញមកពីការខិតខំប្រឹងប្រែង និងសមត្ថភាពផ្ទាល់ខ្លួន ក្នុងការរៀនសូត្រ ដោយក្នុងនោះមានការ បែងចែកជាជំហានៗដូចជា ការបញ្ចប់ថ្នាក់ទុតិយភូមិ ការរៀនត្រៀមក្នុងការប្រលង យកអាហារូបករណ៍ ហើយបន្ទាប់នេះ គឺជាការចេញទៅសិក្សា និងរស់នៅក្នុងប្រទេសជប៉ុន។ ការទទួលបានអាហារូបករណ៍ គឺជាការទទួលបាននូវឱកាស ក្នុងការកសាងសមត្ថភាពបុគ្គល ដើម្បីឈានទៅទទួលបាននូវភាពរីកចម្រើន សម្រាប់ខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ និងសង្គមជាតិ។

ចំណុចទី២ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការកសាងធនធានមនុស្ស តាមរយៈការពង្រឹង នូវវិស័យអប់រំរបស់ជាតិ ដើម្បីជួយបង្កើន សមត្ថភាពយុវជន ដែលជាកម្លាំងចលករដ៏សំខាន់របស់យើង និងការផ្តល់ឱកាសក្នុងការទាញយក អាហារូបករណ៍គ្រប់សណ្ឋានពីអន្តរជាតិ ដែលមានចាប់តាំងពីក្រោយពេល ដែលយើងទទួលបាននូវជ័យជម្នះ ពីរបបប្រល័យពូជសាសន៍ ហើយនេះក៏ជាចំណែកនៃការចូលរួមកសាង អភិវឌ្ឍន៍ធនធានមនុស្ស និងការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ ដើម្បីនូវបន្តការរីកចម្រើន និងអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព គឺទាមទារជាចាំបាច់បំផុតនូវការកសាងគុណភាពនៃបរិមាណធនធានមនុស្ស តាមរយៈការច្បាមយកជំនាញពិតប្រាកដជាមួយនិងចំណេះដឹងច្បាស់លាស់របស់និសិ្សត និងកម្លាំងការងារគ្រប់ស្រទាប់។

ចំណុចទី៣ កត្តាដែលជួយឱ្យការសិក្សាក៏ដូចជាការបំពេញ នូវភារកិច្ចនានាមានភាពជោគជ័យ វិវឌ្ឍទៅមុខ គឺទាមទារនូវការខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងធម្មតា ដែលសំដៅទៅលើការខិតខំបំពេញ នូវតួនាទីនិងភារកិច្ចរបស់ខ្លួន ដោយរួមផ្សំបន្ថែមនូវការផ្តួចផ្តើមគំនិត ការច្នៃប្រឌិត និងការបង្កើតនូវឱកាសថ្មីៗ។ នេះជាកត្តាសំខាន់ណាស់ ក្នុងការជួយជំរុញឱ្យមាននវានុវត្តន៍ និងសហគ្រិនភាព ព្រោះទាំងនះកើតចេញពីការផ្តួចផ្តើមគំនិត ច្នៃប្រឌិត និងមិនភ័យខ្លាច ចំពោះភាពបរាជ័យ ដែលជាកម្លាំងចលករ នាំទៅកាន់ភាពជោគជ័យ។ ទស្សនាទាននេះក៏អាចជួយដល់សិស្ស និស្សិត និងការប្រកបការងារនានា ក្នុងប្រទេសយើងដែរ ព្រោះជាការជួយបង្កើត ឱ្យមានភាពក្លាហានក្នុងការបោះជំហានថ្មី ក្នុងទិសដៅថ្មី និងបរិបទថ្មី។

និងចំណុចទី៤ ក្នុងបរិបទនេះសូមខិតខំរៀនសូត្រ ស្រាវជ្រាវ ចាប់យកជំនាញ និងចំណេះដឹង ឱ្យបានច្បាស់លាស់ ពិតប្រាកដ ដើម្បីទទួលបានជោគជ័យ មួយពេញលេញក្នុងតួនាទី និងភារកិច្ចជានិសិ្សត និងត្រូវបូកផ្សំបន្ថែមទៀត នូវការព្យាយាមក្នុងការក្រេបយកនូវការយល់ដឹង អំពីវប្បធម៌ ប្រពៃណី សង្គម និងបងើ្កតនូវបណ្តាញទំនាក់ទំនងប្រទាក់ក្រទ្បា រវាងគ្រប់ជាតិសាសន៍ និងគ្រប់វិស័យដែលជាកោសិកា របស់សង្គម ហើយព្រមជាមួយគ្នាដែរ ក៏សូមធ្វើជាអ្នកការទូតដ៏ល្អ ក្នុងការតំណាងប្រទេសម្ពុជា នៅលើឆាកអន្តរជាតិ ដែលទាំងនេះសុទ្ធតែជាបច្ច័យ ក្នុងការនាំមកនូវភាពរីកចម្រើន សម្រាប់ទាំងអាជីពការងារ និងសង្គមជាតិ ៕

To Top