ភ្នំពេញ ៖ លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋាន កសិកម្ម បានអះអាងថា ក្នុងរយៈពេល៧ ខែឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកសិផលនានា ទៅកាន់បណ្ដាល ប្រទេសមួយចំនួន លើពិភពលោក បានជាង២លានតោន បើធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ មានការកើនឡើង ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី វិធានការជំរុញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០លោក ងិន ឆាយ បានថ្លែងថា “ចំពោះការនាំចេញ នៅក្នុង៧ខែ ដើមឆ្នាំ២០២០នេះ យើងសម្រេចបានចំនួន ២.៦៨៩.៩៨៧តោន កើនលើសឆ្នាំមុន គិតក្នុងរយ:ពេលដូចគ្នា ប្រមាណជា៩%” ។
លោកបន្តថា ដោយឡែកការនាំចេញអង្ករ ក្នុងរយៈពេល៧ខែសម្រេចបានចំនួន ៤២៦.000.៧៣តោន បើធៀបរយ:ពេលដូចគ្នាឆ្នាំ២០១៩ មានការកើនឡើងចំនួន៣៨,៣៣%។
ក្នុងឱកាសនោះលោក បញ្ជាក់ថា ក្រោយពីចរចាទីផ្សារបានភ្លាម មានក្រុមហ៊ុនវិនិយោគរបស់ចិន ចំនួន១៥បានអនុញ្ញាត ឲ្យកម្ពុជា នាំចេញ កសិផលនានា ទៅកាន់ប្រទេសចិន ខណ:កាលពីមុនមានតែ៤ក្រុមហ៊ុនប៉ុណ្ណោះដែលអនុញ្ញាតឲ្យកម្ពុជានាំចេញ។នេះបានសបញ្ជាក់ឲ្យឃើញថាជាការអភិវឌ្ឍន៍រីកចម្រើនមួយដ៏គួរឲ្យមានការកត់សម្គាល់ហើយក៏ជាមោទកភាពមួយសម្រាប់កម្ពុជាផងដែរ។
ដោយឃើញកត្តានៃការរីកចម្រើនយ៉ាងលឿនបែបនេះ លោកសង្ឃឹមថា ក្រោយពីកម្ពុជា ចរចាពាណិជ្ជកម្មសេរីជាមួយចិនរួចរាល់ មុខដំណាំផ្សេងៗ នឹងហក់ឡើងកាន់តែច្រើន ទាំងការកែច្នៃនិងការនាំចេញ ទៅកាន់ទីផ្សារចិនបានច្រើនផងដែរ។
ជាមួយគ្នានោះលោកអគ្គនាយក រំពឹងថា នៅដើមឆ្នាំ២០២១ កម្ពុជានឹងអាចនាំចេញ ផ្លែស្វាយទៅកាន់ទីផ្សារចិន និងដើមឆ្នាំ២០២២ នឹងអាចនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ចិនផងដែរ ខណ:បច្ចុប្បន្នកម្ពុជាកំពុងរៀបចំមុខទំនិញទាំងនេះដាក់ទៅឲ្យភាគីចិនដើម្បីត្រួតពិនិត្យមើលលក្ខណ:បច្ចេកទេសនៃការនាំចេញ។
លើសពីនេះទៀត លោកសង្កត់ធ្ងន់ថា យើងអាចនាំចេញកសិផលទៅកាន់ទីផ្សារក្រៅស្រុកបាន ត្រូវមានការសហការគ្នា ធ្វើការរួមគ្នាជាចង្កោម មានភាពប្រទាក់ក្រឡាគ្នា នៅក្នុងខ្សែរសង្វាក់ នៃដំណាំនីមួយៗ ចាប់ផ្ដើមពីការដាំដុះ ដោយត្រូវរក្សាឲ្យបាននូវ គោលការណ៍ភូតគាមអនាម័យឲ្យបានល្អ ដែលគេបានកំណត់។
ក្នុងឱកាសនោះដែរ លោកអេង ជាសាន អគ្គនាយករដ្ឋបាលជលផល បានបញ្ជាក់ថា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញត្រីចំនួនប្រហែលជា១ម៉ឺនតោន។
លោកបន្ថែមថា “ផលិតផល ជលផលកម្ពុជា បាននាំចេញទៅប្រទេសជិតខាង នៅក្នុងតំបន់យូរហើយ រហូតមកដល់ពេលនេះ ខ្ញុំលើកឧទាហរណ៍ជាក់ស្ដែង ដូចជាឆ្នាំ២០១៩ នេះ យើងកំពុង នាំចេញត្រី ប្រហាក់ប្រហែលជា ១ម៉ឺនតោនដែរទៅបណ្ដាលប្រទេសជិតខាង ដូចជាវៀតណាម ថៃ និងបណ្ដាលប្រទេសមួយចំនួនទៀត ដូចជាសឹងហ្គាពួរ ហុងកុង ចិនជាដើម”។
លោកបញ្ជាក់បន្ថែមថា ជាមួយនឹងការនាំចេញដោយសារ កំណើនភ្ញៀវទេសចរច្រើន កម្ពុជាក៏បាននាំចូលមកវិញនូផលិតផលមួយចំនួន(គ្រឿងសមុទ្រ) ដែលមិនមាននៅក្នុងស្រុក ដោយជាក់ស្ដែង ឆ្នាំ២០១៩ កម្ពុជា បាននាំចូល គ្រឿងសមុទ្រប្រមាណជា២ម៉ឺនតោន ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ៕ដោយ៖ធី លីថូ