ព័ត៌មានជាតិ

សម្ដេច ស ខេង បញ្ជាឲ្យក្រុមការងារ អនុវត្តច្បាប់ បន្តតាមដានស្រាវជ្រាវ ស្វែងរកមេខ្យល់ ជួញដូរមនុស្ស

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបញ្ជាឲ្យក្រុមការងារអនុវត្តច្បាប់ បន្តតាមដានស្រាវជ្រាវស្វែង រកមេខ្យល់ជួញដូរមនុស្ស និងល្បិចកលថ្មីៗដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ ឆ្នាំ២០២០ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួង សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍ មួយចំនួនដូចជា ៖
ទី១-ជំរុញការចងក្រង និងចែករំលែកទិន្នន័យជាប្រព័ន្ធ ឲ្យមានលក្ខណៈរលូន និង ជាទិន្នន័យរួម ថ្នាក់ជាតិ ដែលឆ្លើយតបទៅនឹងការដោះស្រាយបញ្ហា ជាពិសេស សម្រាប់ចែករំលែកជាមួយអន្តរជាតិ ។
ទី២-កិច្ចការយុត្តិធម៌ ត្រូវបានកែលម្អ តែសូមសំណូមពរ ក្រុមការងារ មេត្តាពង្រឹងក្រុមការងារ ឲ្យមានទំនាក់ទំនងសហការ ល្អជាមួយអង្គភាពពាក់ព័ន្ធនិងធ្វើយ៉ាងណាឲ្យការប្រមូលទិន្នន័យអំពីការផ្តន្ទាទោសអំពើជួញដូរមនុស្ស និងបញ្ជូនមកអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានបានទាន់ពេលវេលា បញ្ចប់ការវាយតម្លៃ ដោយដាក់បន្ទុកលើចំណុចខ្វះខាតនៃប្រព័ន្ធយុត្តិធម៌ ។
ទី៣-សូមក្រុមការងារអនុវត្តច្បាប់ បន្តតាមដានស្រាវជ្រាវ ស្វែងរកមេខ្យល់ជួញដូរមនុស្ស និងល្បិចកលថ្មីៗ ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា ។ លើសពីនេះទៅទៀត គ្រប់អង្គភាពសមត្ថកិច្ច គប្បីពង្រឹងវិន័យ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង បញ្ជៀសឲ្យបានការប្រព្រឹត្តខុសឆ្គងនឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ បទបញ្ជា ដែលនាំឲ្យប្រឈមនឹងការដាក់ទោសទណ្ឌជាយថាហេតុ ។
ទី៤-អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ក្រុមការងារអន្តរក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គប្បីបន្តការប្រឹងប្រែងអនុវត្តសកម្មភាព ដែលបានរៀបចំក្នុងការឆ្លើយតបទៅនឹងបញ្ហាចំពោះមុខ រយៈពេលខ្លី មធ្យម វែង ឲ្យអស់លទ្ធភាព ដោយរិះរកមធ្យោបាយ ជម្នះឧបសគ្គ ពង្រឹងកិច្ចសហការ ដើម្បីចំណាយធនធានតិច បានផលច្រើន និង សម្រេចគោលដៅជាអាទិភាព ។
និងទី៥-គ្រប់ក្រសួង ស្ថាប័ន អង្គភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គប្បីបន្តចូលរួមសហការ និងគាំទ្រ អនុវត្តគោលនយោបាយ និងវិធានការទាំងឡាយ របស់រាជរដ្ឋាភិបាល ឲ្យបានម៉ឺងម៉ាត់ ដើម្បីជម្នះរាល់ឧបសគ្គ និងភាពប្រឈមទាំងឡាយ រក្សា សន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ទប់ទល់នឹងសភាព ការណ៍ដែលវិវត្តន៍ឥតឈប់ឈរ និងប្រធានសក្តិទាំងឡាយ ដែលប៉ះពាល់ដល់ប្រជាជន និងប្រទេសជាតិ ៕ ដោយ ៖ អេង ប៊ូឆេង

To Top