បរទេស៖ បណ្តាគណបក្សនយោបាយ បានស្វាគមន៍ការសន្យា របស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ក្នុងការជំរុញឱ្យមាន ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ខណៈដែលគណៈកម្មាធិការសភា ដែលសិក្សាអំពីការផ្លាស់ប្តូរធម្មនុញ្ញ បានយល់ព្រមជាបឋម ទៅនឹងស្ថាប័នសរសេរធម្មនុញ្ញ ដែលត្រូវបានបង្កើតឡើង ដើម្បីបង្កើតរដ្ឋធម្មនុញ្ញថ្មី។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Nipit Intarasombat អនុប្រធាន គណបក្សប្រជាធិបតេយ្យ ដែលជាសមាជិក នៃគណៈកម្មាធិការនេះ បានប្រាប់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃពុធថា លោកជឿថា ឧត្តមសេនីយ៍ ប្រាយុទ្ធ មានចិត្តស្មោះត្រង់ ចំពោះការជំរុញ ការសរសេរធម្មនុញ្ញឡើងវិញ ពីព្រោះវាជា គោលនយោបាយសំខាន់មួយ របស់រដ្ឋាភិបាល។
សូមជម្រាបថា ឧត្តមសេនីយ៍ប្រាយុទ្ធ កាលពីថ្ងៃអង្គារ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកគាំទ្រ ដល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយរដ្ឋាភិបាលនឹងបង្ហាញ ជូនកំណែប្រែផ្ទាល់ខ្លួន នៃការសរសេរច្បាប់ឡើងវិញ នៅក្នុងសម័យប្រជុំសភាលើកក្រោយ។ ឧត្តមសេនីយ៍ប្រាយុទ្ធ ក៏បាននិយាយផងដែរថា លោកនឹងរកពេលវេលា ដើម្បីជួបជាមួយនិស្សិត នៅឯវេទិកាមួយ ក្នុងចំណោមវេទិកាជាច្រើន ដែលបានធ្វើឡើង តាមសំណើផ្លាស់ប្តូរធម្មនុញ្ញ៕ ប្រែសម្រួលៈ ណៃ តុលា