ស្វាយរៀង ៖ រថយន្ដកាម៉ារីឆ្លាម ពណ៌ស្ករ មួយគ្រឿង កំពុងបើកបរតាមផ្លូវសុខៗ ស្រាប់តែឆ្លងប្រព័ន្ធភ្លើង ឆាបឆេះយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចមកអន្តរាគមន៍បាញ់ពន្លត់ ប៉ុន្តែយឺតពេលទៅហើយ ភ្លើងបានឆេះរថយន្តខ្ទេចគ្មានសល់ តែសំណាងល្អ មិនបណ្តាលឲ្យរងរបួសដល់អ្នកបើកបរ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុច ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យដឹងថា ចំពោះម្ចាស់រថយន្ត មានឈ្មោះ សេក សុខុន អាយុ៥២ឆ្នាំ មុខរបរបុគ្គលិកផែតេងឡាយ ស្នាក់នៅបណ្ដោះអាសន្ននៅក្រុងបាវិត។
ប្រភពបន្តថា ក្រោយមានអគ្គិភ័យឆាបឆេះរថយន្ត កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្វាយទាប សហការជាមួយកម្លាំង នគរបាលក្រុងបាវិត និងកម្លាំងស្រុកស្វាយទាប និងរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង បានចុះជួយអន្តរាគមន៍ពន្លត់ កាម៉ារីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ២X-២៥៧៨ ដោយភ្លើងឆេះខ្លាំងពេក មិនអាចគ្រប់គ្រងស្ថានការណ៍បាន បណ្ដាលឲ្យរថយន្តឆាបឆេះ ខូចខាតទាំងស្រុង។ ហើយចំពោះករណីនេះ មិនបណ្ដាលអោយមនុស្សណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕



