ព័ត៌មានអន្តរជាតិ

កំពង់ផែទ្រីប៉ូលី ត្រៀមជំនួសកំពង់ផែបេរូត បណ្តោះអាសន្ន បន្ទាប់ពីមានការផ្ទុះដ៏សាហាវ នៅលីបង់

បរទេស៖ រូបថតដែលត្រូវបានថត នៅថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២០ បង្ហាញពីទិដ្ឋភាព នៅកំពង់ផែទ្រីប៉ូលី ប្រទេសលីបង់។

បើយោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃ៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា មន្រ្តីកំពង់ផែទ្រីប៉ូលី ប្រទេសលីបង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីជំនួសកំពង់ផែបេរូត ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយការផ្ទុះដ៏ខ្លាំងចំនួនពីរ កាលពីថ្ងៃអង្គារ។

សូមជម្រាបថា រដ្ឋមន្រ្តីសុខាភិបាលលីបង់ លោក ហាម៉ាត់ ហាសាន់ បានប្រកាសកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់នៅក្នុងការផ្ទុះដ៏ធំ ដែលបានធ្វើឱ្យកក្រើកកំពង់ផែបេរូត កាលពីថ្ងៃអង្គារ បានកើនឡើងដល់ ១៥៤ នាក់។

លោកហាសាន់ បាននិយាយទៀតថា ២០ ភាគរយនៃអ្នករងរបួស ចំនួន ៥០០០ នាក់ ត្រូវការសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខណៈដែលករណីធ្ងន់ធ្ងរ បានកើនឡើងដល់ ១២០នាក់ ដោយសារមុតអំបែងកញ្ចក់ ដែលបែកបាក់បណ្តាល ឱ្យរងរបួសធ្ងន់ធ្ងរ ដែលត្រូវការការវះកាត់៕ ប្រែសម្រួលៈ ណៃ តុលា

To Top