ព័ត៌មានអន្តរជាតិ

ប្អូនប្រុស ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលមរណភាព នៅអាយុ៧១ឆ្នាំ

បរទេស៖ ប្អូនប្រុស របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក រ៉ូបឺត ត្រាំ បានទទួលមរណភាពហើយ។ នេះបើយោងតាម សេចក្តីថ្លែងការណ៍ផ្លូវការ ពីលេខាធិការសារព័ត៌មាន របស់ប្រធានាធិបតីអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក រ៉ូបឺត ត្រាំ ដែលជាប្អូនប្រុស ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលមរណភាព នៅថ្ងៃទី ១៥ ខែសីហា ក្នុងអាយុ ៧១ ឆ្នាំ។ យោងតាមកាសែត Washington Post លោករ៉ូប៊ឺត កើតនៅថ្ងៃទី ២៦ ខែសីហាឆ្នាំ ១៩៤៨ ។

ប្រធានាធិបតីអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ ពីការស្លាប់នេះផងដែរ។

លោក ដូណាល់ ត្រាំ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍នោះថា «ខ្ញុំពិតជាមានទុក្ខក្រៀមក្រំ ខ្ញុំចែករំលែកថា ប្អូនប្រុសដ៏អស្ចារ្យរបស់ខ្ញុំ រ៉ូបឺតបានទទួលមរណភាពនៅយប់នេះ។ គាត់មិនត្រឹមតែជាបងប្អូនខ្ញុំទេ គាត់គឺជាមិត្តល្អបំផុតរបស់ខ្ញុំ»។

សូមជម្រាបថា មុននេះលោក ដូណាល់ ត្រាំ បានបង្ហើបថា ប្អូនប្រុសរបស់លោក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរ។ កាលពីថ្ងៃសុក្រ លោក ត្រាំ បានទៅសួរសុខទុក្ខប្អូនប្រុសរបស់គាត់ នៅមន្ទីរពេទ្យ មុនពេលចាកចេញ ទៅក្លឹបវាយកូនហ្គោល របស់គាត់នៅរដ្ឋ New Jersey ៕ ប្រែសម្រួលៈ ណៃ តុលា

To Top