បរទេស ៖ យោធារបស់ប្រទេសអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាស ក្នុងដំណើរឆ្លើយតប ចំពោះការបាញ់មីស៊ីល ចេញពីតំបន់ហ្គាហ្សាកាលពីថ្ងៃចុងសប្ដាហ៍ នេះបើយោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយកាសែត UPI នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។
កងកម្លាំងការពារជាតិអ៊ីស្រាអែល បានសរសេរលើបណ្ដាញសង្គមធ្វីតធ័រថា កងកម្លាំងទ័ពអាកាសបានវាយប្រហារ គោលដៅនានា ពាក់ព័ន្ធក្រុមពួកសកម្មប្រយុទ្ធ ហាម៉ាស ដែលរួមមានទាំងទីតាំងយោធា ដែលប្រើរក្សាទុកគ្រាប់រ៉ុកកែត កាលពីយប់ថ្ងៃសៅរ៍ ក្រោយគ្រាប់មីស៊ីលពីរគ្រាប់ បានបាញ់ចូលទៅ ក្នុងប្រទេសអ៊ីស្រាអែល ហើយត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាស Iron Dome ។
កងទ័ពអាកាសរបស់ប្រទេសអ៊ីស្រាអែល បាននិយាយប្រាប់ថា “យើងនឹងបន្តធ្វើប្រតិបត្តិការប្រឆាំង នឹងការប៉ុនប៉ងណាមួយ ធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិលអ៊ីស្រាអែល”។ ចំណែកពួកហាម៉ាស់ បាននិយាយថា ការវាយប្រហារដោយមីស៊ីលនេះ គឺត្រូវបានធ្វើឡើង ដើម្បីជាការឆ្លើយតប ចំពោះកងកម្លាំងអ៊ីស្រាអែល ដែលធ្វើឲ្យអ្នកតវ៉ាតិចបំផុតពីរនាក់រងរបួស នៅតាមរបងព្រំដែន កាលពីរាត្រីថ្ងៃសៅរ៍៕
ប្រែសម្រួល៖ប៉ាង កុង