ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែសីហានេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩-២៥ ខែសីហា ឆ្នាំ ២០២០។
ក្រសួងធនធានទឹក បានឲ្យដឹងថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីប្រទេសថៃ ដោយឆ្លងកាត់ប្រទេសឡាវ និងវៀតណាម។
ខណៈនោះ ក៏មានវិសម្ពាធទាប មួយបានកើតនៅលើសមុទ្រចិនខាងត្បូង ដែលអាចវិវត្តទៅជាព្យុះទី៧។ ព្យុះនេះ នឹងរលាយពេលដើរចូលដល់លើភាគខាងត្បូងប្រទេសចិន នៅថ្ងៃទី ២០ ខែសីហា ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន។ បណ្ដាខេត្តនៅភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់ជួរភ្នំដងរែក សូមប្រុងប្រយ័ត្ន ចំពោះភ្លៀងធ្លាក់ច្រើនជាប់បន្តចាប់ពីថ្ងៃទី ២២-២៤ ខែសីហា ៕