បរទេស៖ ទូកនេសាទវៀតណាមចំនួន ៤ គ្រឿង ត្រូវបានរឹបអូស និងកម្មករទូកចំនួន ៣៦ នាក់ ត្រូវបានចាប់ខ្លួន ពីបទនេសាទខុសច្បាប់ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ថៃ កាលពីថ្ងៃច័ន្ទ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា កាពីទែន លោកThiranan Madaeng នាយករងនៃការិយាល័យ បញ្ជាការពង្រឹងការអនុវត្តដែនសមុទ្រថៃ បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារថា សកម្មភាពនេះ គឺជាផ្នែកមួយនៃប្រតិបត្តិការរួមគ្នា ដែលពាក់ព័ន្ធនឹងទីភ្នាក់ងារជាច្រើន។
ប្រតិបត្តិការ ក្រោយទទួលបានព័ត៌មានដែលថា ទូកនេសាទបរទេស បានលុកលុយចូលក្នុងដែនទឹកថៃ ទូកល្បាត HTMS Prachuap Khiri Khan ត្រូវបានបញ្ជូន ទៅធ្វើការស៊ើបអង្កេត។
កាលពីថ្ងៃទី ១៧ ខែសីហា ក្រុមអ្នកបើកទូកល្បាត បានរកឃើញទូកនេសាទចំនួន ៤ គ្រឿងពីប្រទេសវៀតណាម ដែលនេសាទខុសច្បាប់ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ថៃ ដែលមានចម្ងាយប្រហែល ៩២ ម៉ាយ ពីតំបន់ Cape Tachi ក្នុងស្រុក Yaring ខេត្ត Pattani៕ ប្រែសម្រួលៈ ណៃ តុលា